លោក វ៉ាង យី៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រីកចម្រើនពីគ្រាប់ពូជទៅជាដើមឈើខ្ពស់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ -- នៅក្នុងសារអបអរសាទរខួបលើកទី១០ នៃកិច្ចសប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការ MLC ថា បានរីកចម្រើន «ពីគ្រាប់ពូជមួយទៅជាដើមឈើខ្ពស់» ដោយក្លាយជាគំរូសម្រាប់ការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសមេគង្គទាំងប្រាំ មានលើសពី ៥០០ប៊ីលានដុល្លារអាម៉េរិក ដែលកើនឡើង ១៥០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសុខភាពសាធារណៈត្រូវបានពង្រឹង។
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក៏ត្រូវបានពង្រឹងផងដែរតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាទិដ្ឋាការឡានឆាង-មេគង្គ និងគម្រោងជីវភាព «តូច និងស្រស់ស្អាត» ជាច្រើន ដែលជួយពង្រឹងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រទេសទាំងប្រាំមួយ។
លោក វ៉ាង បានគូសបញ្ជាក់ពីគោលការណ៍សំខាន់ៗចំនួនបី ដែលគាំទ្រដល់ភាពជោគជ័យនៃយន្តការនេះ ដែលរួមមាន ភាពជាអ្នកជិតខាងល្អមិត្តភាព និងអនាគតរួមគ្នា។ ការផ្តោតសំខាន់ទៅលើការអភិវឌ្ឍដើម្បីបម្រើប្រជាជន និងការស្វែងរកនវានុវត្តន៍ និងការបំបែកដីថ្មី។
ក្នុងចំណោមភាពមិនប្រាកដប្រជាជាសកល លោកបានស្នើឱ្យបង្កើត«MLC 2.0» ដែលផ្តោតសំខាន់ទៅលើការបង្កើនសាមគ្គីភាព ការលើកកម្ពស់ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការជំរុញការអភិវឌ្ឍបៃតង និងដឹកនាំដោយនវានុវត្តន៍ ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការធានាសន្តិភាព និងសន្តិសុខនៅទូទាំងអាងទន្លេ។
ចូលដល់ទសវត្សរ៍ថ្មី ប្រទេសទាំងប្រាំមួយនៃតំបន់មេគង្គ-ឡានឆាងត្រូវបានគេរំពឹងថានឹងកសាងលើសមិទ្ធផលកន្លងមក និងខិតខំឆ្ពោះទៅរកអនុតំបន់មួយដែលមានស្ថិរភាព វិបុលភាព និងប្រកបដោយចីរភាព ដោយរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់កាន់តែទូលំទូលាយ និងលើសពីនេះទៅទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





