កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់តំបន់ដាច់ស្រយាលក្នុងប្រទេសសមាជិក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ -- គម្រោងកម្រិតសហគមន៍ប្រមាណជិត ១.០០០គម្រោង ដែលទទួលបានមូលនិធិពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ដោយនាំមកនូវអគ្គិសនី ទឹកស្អាត សាលារៀន និងមណ្ឌលសុខភាពទៅកាន់តំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាកនៅទូទាំងប្រទេសជាសមាជិក។
ប្រទេសវៀតណាមបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងយន្តការនេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដោយលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងប្រទេស MLC និងក្របខ័ណ្ឌតំបន់ផ្សេងទៀត ដូចជាអាស៊ានគណៈកម្មការទន្លេមេគង្គ និងអនុតំបន់មេគង្គ (GMS) ជាដើម។
ការបង្កើតយន្តការចែករំលែកទិន្នន័យជលសាស្ត្រក្នុងចំណោមស្ថាប័នគ្រប់គ្រងទឹក បានជួយប្រទេសវៀតណាមឱ្យការពារធនធានទឹកបានកាន់តែប្រសើរឡើង និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គរបស់ខ្លួន។
ដោយសម្លឹងមើលទៅអនាគត ប្រទេសវៀតណាមបានកំណត់អាទិភាពបីយ៉ាង គឺការពង្រឹងទំនុកចិត្តតាមរយៈកិច្ចសន្ទនាដោយស្មោះត្រង់និងស្ថាបនា។ ការពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង និងការធានាថាផលប្រយោជន៍របស់ប្រជាជន និងអាជីវកម្មនៅតែជាចំណុចកណ្តាលនៃគំនិតផ្តួចផ្តើមទាំងអស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





