កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កត់សម្គាល់ជាទសវត្សរ៍នៃការតភ្ជាប់ និងការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ -- ព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលប្រារព្ធខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) បានបញ្ចប់នៅទូទាំងប្រទេសជាសមាជិកចំនួនប្រាំមួយ គឺប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម ដោយបានបង្ហាញពីវឌ្ឍនភាពមួយទសវត្សរ៍ក្នុងការតភ្ជាប់តំបន់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការ MLC បានវិវត្តពីគំនិតផ្តួចផ្តើមអនុតំបន់ដែលទើបនឹងកើតទៅជាយន្តការសហប្រតិបត្តិការដ៏ស្វាហាប់ និងមានប្រសិទ្ធភាព ដែលរួមចំណែកដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងវិបុលភាពរួមគ្នានៅក្នុងតំបន់។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ សមិទ្ធផលរបស់គម្រោងត្រូវបានទទួលស្គាល់នៅក្នុងវិស័យជាច្រើន។ ទំនុកចិត្តនយោបាយក្នុងចំណោមប្រទេសជាសមាជិកត្រូវបានពង្រឹងតាមរយៈកិច្ចសន្ទនា និងការផ្លាស់ប្តូរជាប្រចាំនៅកម្រិតច្រើន។ កិច្ចសហប្រតិបត្តិការលើធនធានទឹក ដែលជាបញ្ហាដ៏សំខាន់សម្រាប់ប្រទេសតាមដងទន្លេមេគង្គទាំងអស់ ត្រូវបានកត់ត្រានូវវឌ្ឍនភាពជាក់ស្តែង ជាមួយនឹងការចែករំលែកទិន្នន័យជលសាស្ត្រពេញមួយឆ្នាំ ដែលជួយកែលម្អការឆ្លើយតបនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ការតភ្ជាប់ក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយគម្រោងដឹកជញ្ជូន និងភស្តុភារកម្មឆ្លងកាត់ព្រំដែនបានពង្រីកនៅទូទាំងអនុតំបន់។ ក្នុងពេលជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការបានពង្រីកដល់វិស័យដែលកំពុងរីកចម្រើននានា ដូចជាសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





