ម៉ាឡេស៊ីចាត់វិធានការបង្ក្រាបការក្លែងបន្លំតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ -- គណៈកម្មការមូលបត្រម៉ាឡេស៊ី (SC) និងគណៈកម្មការទំនាក់ទំនង និងពហុផ្សព្វផ្សយម៉ាឡេស៊ី(MCMC) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងគម្រោងវិនិយោគដែលគ្មានអាជ្ញាប័ណ្ណ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងគម្រោងឆបោក ដែលកេងប្រវ័ញ្ចនៅលើវេទិកាឌីជីថល រួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនការរកឃើញការស៊ើបអង្កេត និងការអនុវត្ត។
លោក ដាតូ ម៉ូហាំម៉ាដ ហ្វេស អាហ្សមី (Dato' Mohammad Faiz Azmi) ប្រធានគណៈកម្មការ SC បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការការពារវិនិយោគិនលក់រាយ និងសាធារណជនទូទៅពីការឆបោក ដោយលោកបានកត់សម្គាល់ថា ជំនាញរួមបញ្ចូលគ្នានឹងអាចឱ្យមានការឆ្លើយតបលឿនជាងមុនចំពោះការគំរាមកំហែងថ្មីៗ និងការការពារកាន់តែប្រសើរឡើងប្រឆាំងនឹងការឆបោកផ្នែកហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ គណៈកម្មការ MCMC បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការប្រតិបត្តិការ ដើម្បីរក្សាបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន រួមទាំងការចែករំលែកព័ត៌មាន ការអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារនិងការកសាងសមត្ថភាពសម្របសម្រួលសម្រាប់ការស៊ើបអង្កេត។
នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ គណៈកម្មការ SC និងគណៈកម្មការMCMC បានរារាំង ឬផ្អាកគេហទំព័រចំនួន៣២៨ គណនីផ្ញើសារចំនួន៣៨៨និងលេខទូរស័ព្ទចំនួន៦០ ដែលភ្ជាប់ទៅនឹងការឆបោកតាមប្រព័ន្ធអនឡាញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





