នៅសល់តែ១ពិន្ទុទៀតប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគ ១០០%
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--ក្រុមការពារតំណែងជើងឯករដូវកាលមុន ព្រះខ័នរាជស្វាយរៀង ដែលកំពុងឆ្ពោះទៅឈ្នះជើងឯកលីគកំពូលកម្ពុជាម្តងទៀត នៅរដូវកាល ២០២៥-២០២៦នេះរកបាន៣ពិន្ទុបន្ថែមជាមួយភ្នំពេញក្រោន ដោយលទ្ធផល ៤-១ នៅក្នុងជំនួបសប្តាហ៍ទី២៧ ជាមួយពិន្ទុដាច់ឆ្ងាយពីក្រុមឈរលេខ២រហូតដល់ ១៥ពិន្ទុ។

យ៉ាងណាក្តី ក្តីសង្ឃឹមការឈ្នះជើងឯករបស់ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង នៅក្នុងការប្រកួតក្របខ័ណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬហៅថាលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦នេះនៅមិនទាន់១០០%នៅឡើយដែរ ពោលគឺ៦ក្រុមខាងលើ (Top6) នៅសល់៥ប្រកួតទៀតដូចៗគ្នា ខណៈព្រះខ័នរាជស្វាយរៀងត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដោយត្រូវការស្មើ១ប្រកួត នៅក្នុងចំណោម ៥ប្រកួតដែលនៅសល់ គឺឈ្នះជើងឯកតែម្តង។ ឆ្លងកាត់២៥ប្រកួតដូចៗគ្នា ក្រុមព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាងពិន្ទុ ក្រោយឈ្នះ២០ ស្មើ២ និងចាញ់៣ មាន ៦២ពិន្ទុ ខណៈ២៥ប្រកួតរបស់ភ្នំពេញក្រោន ឈ្នះ១៤ ស្មើ៥ ចាញ់៦ មាន ៤៧ពិន្ទុ។ រីឯអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៤៤ពិន្ទុ, ណាហ្គាវើលដ៍ ឈរលេខ៤ មាន ៤២ពិន្ទុ, បឹងកេត ឈរលេខ៥ មាន៤១ពិន្ទុ ស្របពេលក្រុមអ៊ឹមអូអាយកំពង់ដេវ៉ា ឈរលេខ៦ មាន ៣៤ពិន្ទុ។

ចំពោះលទ្ធផល២ប្រកួតផ្សេងទៀតនៃ៦ក្រុមខាងលើ រួមមាន៖ ណាហ្គាវើលដ៍ចាញ់អង្គរថាយហ្គឺរ ១-៣ ខណៈក្រុមអ៊ឹមអូអាយកំពង់ដេវ៉ា រក្សាលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុមបឹងកេត។ ដោយឡែក២ប្រកួតនៃ៥ក្រុមខាងក្រោម កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ គឺក្រុមឡាយខេត្តព្រះសីហនុ ចាញ់ គិរីវង់សុខសែនជ័យ ០-១ ខណៈក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកួតចាញ់ក្រុមវិសាខា ដោយលទ្ធផល ១-៣៕

ដោយ ហេង ណាលីន (រូបភាព៖ CPL)





