រញ្ជួយដីខ្លាំងវាយប្រហារប្រទេសឥណ្ឌូណេស៊ី ដោយមានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- ការរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដែលជំរុញឱ្យទីភ្នាក់ងារស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) ចេញការព្រមានអំពីរលកយក្សស៊ូណាមិ ខណៈដែលប្រទេសនានានៅទូទាំងតំបន់បានតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល១២០គីឡូម៉ែត្រពីទីក្រុងធើណេត ក្នុងខេត្តម៉ាលូគូខាងជើង របស់ប្រទេសឥណ្ឌូណេស៊ី។ ទីភ្នាក់ងារ USGS បាននិយាយថា ការរញ្ជួយដីនេះ ដំបូងឡើយត្រូវបានកត់ត្រាថាមានកម្រិត ៧,៨រ៉ិចទ័រ ហើយបានវាយប្រហារនៅជម្រៅ ៣៥គីឡូម៉ែត្រ ដែលធំជាងតួលេខដំបូង ១០គីឡូម៉ែត្រ។
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) ដែលមានមូលដ្ឋាននៅកោះហាវ៉ៃ បាននិយាយនៅពេលមុននេះថា រលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់អាចកើតមានក្នុងរង្វង់ ១.០០០គីឡូម៉ែត្រពីចំណុចកណ្តាលតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។
ទូរទស្សន៍ Metro TV របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារគំនរបាក់បែកនៅក្នុងតំបន់ម៉ាណាដូ ក្នុងខេត្តស៊ូឡាវេស៊ីខាងជើង ហើយវីដេអូបង្ហាញពីអគារដែលខូចខាត។
ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលហៅថាតំបន់ដែលមានសកម្មភាពរញ្ជួយដីខ្ពស់ ជាកន្លែងដែលបន្ទះតិចតូនិចជួបគ្នា និងមានការរញ្ជួយដីជាញឹកញាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





