មីយ៉ាន់ម៉ាប្រកាសពីកាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- សភាមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអនុប្រធានាធិបតីបីរូបត្រូវបានបញ្ជាក់ថា បានបំពេញតាមតម្រូវការសម្រាប់តំណែងជាអ្នកដឹកនាំកំពូលរបស់ប្រទេសមួយនេះ។
សមាជិកសភាទាំងអស់ត្រូវបានគេរំពឹងថានឹងជ្រើសរើសប្រធានាធិបតីមួយរូបពីក្នុងចំណោមអនុប្រធានាធិបតីទាំងបីរូប ដែលរួមមានលោក មីន អ៊ុងលាំង (Min Aung Hlaing) លោកស្រី ណាន នីនីអាយ (Nan Ni Ni Aye)និងលោក យូ នីយ៉ូសាវ (U Nyo Saw)។
នៅពេលមុននេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមាជិកសភាជាប់ឆ្នោតនៃសភាជាន់ទាប (Pyithu Hluttaw) និងសភាជាន់ខ្ពស់(Amyotha Hluttaw) បានជ្រើសរើសលោក មីន អ៊ុងលាំង និងលោកស្រីណាន នីនីអាយ ជាអនុប្រធានាធិបតី។ នៅថ្ងៃដដែលនោះដែរ លោក យូ នីយ៉ូសាវ ក៏ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីដោយតំណាងយោធាមកពីសភាទាំងពីរដែរ។
លោក មីន អ៊ុងលាំង អតីតឧត្តមសេនីយ៍ជាន់ខ្ពស់ បានដឹកនាំប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សានស៊ូជី (Aung San Suu Kyi) ចេញពីតំណែងកាលពីឆ្នាំ២០២១។ស្របតាមរដ្ឋធម្មនុញ្ញ លោកត្រូវបានតម្រូវឱ្យលាលែងពីតំណែងយោធាប្រសិនបើត្រូវបានជ្រើសរើសជាប្រធានាធិបតី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





