ព័រទុយហ្គាល់នឹងបើកស្ថានទូតនៅអាស៊ែបៃហ្សង់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងការបរទេសអាស៊ែបៃហ្សង់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសព័រទុយហ្គាល់បានសម្រេចចិត្តបើកស្ថានទូតមួយនៅទីក្រុងបាគូ ដើម្បីលើកកម្ពស់តំណាងការទូតរបស់ខ្លួននៅប្រទេសអាស៊ែបៃហ្សង់។
យោងតាមក្រសួងបានឱ្យដឹងថា សេចក្តីប្រកាសនេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក ប៉ៅឡូ រ៉ាន់ជេល (Paulo Rangel) និងរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក ជេយហ៊ុន បាយរ៉ាម៉ូវ (Jeyhun Bayramov) បានធ្វើការសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
លោក រ៉ាន់ជេល បានជម្រាបជូនសមភាគីអាស៊ែបៃហ្សង់របស់លោកអំពីការសម្រេចចិត្តរបស់ទីក្រុងលីសបោន ហើយលោក បាយរ៉ាម៉ូវ បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការពិគ្រោះយោបល់នយោបាយ និងដំណើរទស្សនកិច្ចទៅវិញទៅមកក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។
ពួកគេក៏បានពិនិត្យឡើងវិញនូវឱកាសដែលមានស្រាប់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ថាមពលពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





