រដ្ឋមន្ត្រីការបរទេសចិនសម្តែងការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារ៉ែន ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងស្តារសន្តិភាពឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារ៉ែន ដើម្បីជំរុញឱ្យមានបទឈប់បាញ់ ស្តារសន្តិភាពឡើងវិញ និងសម្រេចបាននូវស្ថិរភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក អាប់ឌុលឡាទីហ្វ ប៊ីន រ៉ាស៊ីដ អាល់ ហ្សាយ៉ានី (Abdullatif bin Rashid Al Zayani) តាមការស្នើសុំរបស់លោក ហ្សាយ៉ានី។
លោក ហ្សាយ៉ានី ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របច្ចុប្បន្ន បានជម្រាបជូនលោក វ៉ាង អំពីការវិវត្តចុងក្រោយបំផុតនៅតំបន់មជ្ឈិមបូព៌ា និងជំហររបស់ប្រទេសបារ៉ែន ដោយលោកបានកត់សម្គាល់ថា ប្រទេសឈូងសមុទ្រកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខធ្ងន់ធ្ងរ ហើយការឆ្លងកាត់ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រហ័រមូស ត្រូវបានរារាំង។
លោក វ៉ាង បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរគោលការណ៍របស់ប្រទេសចិនក្នុងការប្រឆាំងនឹងការឈ្លានពាន និងការតស៊ូមតិដើម្បីសន្តិភាព។លោកបានកត់សម្គាល់ថា ថ្មីៗនេះ ប្រទេសចិន និងប៉ាគីស្ថាន បានចេញគំនិតផ្តួចផ្តើមប្រាំចំណុច ដើម្បីស្តារសន្តិភាព និងស្ថិរភាពនៅតំបន់ឈូងសមុទ្រនិងតំបន់មជ្ឈិមបូព៌ា ដែលរួមមានការអំពាវនាវឱ្យបញ្ចប់ការវាយប្រហារលើជនស៊ីវិល និងគោលដៅមិនមែនយោធា ធានាសន្តិសុខនៃច្រកសមុទ្រហ័រមូស និងការស្តារផ្លូវដឹកជញ្ជូនធម្មតាឡើងវិញ។
លោក វ៉ាង បាននិយាយថា បទឈប់បាញ់ និងការបញ្ឈប់អរិភាព គឺជាសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ ដោយលោកបានបន្ថែមថាសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែជួយបន្ធូរបន្ថយភាពតានតឹង និងនាំសង្គ្រាមឱ្យបញ្ចប់ ដើម្បីបន្តការចរចា ជាជាងការគាំទ្រដល់សកម្មភាពសង្គ្រាមខុសច្បាប់។
ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារ៉ែន ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព ស្តារសន្តិភាព សម្រេចបាននូវស្ថិរភាពក្នុងតំបន់យូរអង្វែង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសនៅភាគខាងត្បូងសកលជាពិសេសប្រទេសខ្នាតតូច និងមធ្យម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





