អង្គការ World Vision ជួសជុលលាសារៀនមួយខ្នងនៅ ស្រុកបូរីជលសារ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--ចាប់ពីថ្ងៃនេះតទៅ សិស្សានុសិស្សចំនួន ៤៣០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីអគារសិក្សាថ្មីនេះ ដែលជាការបើកទ្វារឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងការអប់រំប្រកបដោយគុណភាពសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយខ្នង ចំនួន ១០ បន្ទប់ ដែលទើបនឹងជួសជុលរួចរាល់ ស្ថិតក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើងបាន គឺតាមរយៈការគាំទ្រយ៉ាងសប្បុរសពីសំណាក់ក្រុមហ៊ុន Hirose Tusyo Inc. និងលោក Tomohiro និងកូនប្រុស តាមរយ:អង្គការ WorldVision ។
កាលពីមុន សាលាបឋមសិក្សាគោកពោធិ៍ ធ្លាប់ជួបប្រទះបញ្ហាប្រឈមខ្លាំងផ្នែកសុវត្ថិភាព ដោយសារស្ថានភាពអគារមានភាពទ្រុឌទ្រោម ប៉ុន្តែពេលនេះ វាត្រូវបានផ្លាស់ប្តូរទៅជាបរិយាកាសសិក្សាដែលមានសុវត្ថិភាព រាក់ទាក់ និងមេត្រីភាពចំពោះកុមារ។

យោងតាមការលើកឡើងរបស់លោកនាយកសាលា ការផ្លាស់ប្តូរនេះកំពុងរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើតលក្ខខណ្ឌសិក្សាកាន់តែប្រសើរឡើង ជាពិសេសសម្រាប់សិស្សស្រី និងសិស្សដែលងាយរងគ្រោះបំផុត។
ព្រឹត្តិការណ៍សម្ពោធអគារនេះមានការចូលរួមពីអ្នកពាក់ព័ន្ធជិត ៥០០ នាក់ រួមមាន សមាជិកសហគមន៍ ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរអប់រំ ក្រោមអធិបតីភាពលោកអភិបាលស្រុកបូរីជលសារ ដែលនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់វិស័យអប់រំសម្រាប់កុមារ៕
ដោយ៖ ណយ នឿន (ប្រភព៖WorldVision)





