អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីត្រៀមចុះសួរសុខទុក្ខ ដល់កងទ័ពជួរមុខ
AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦--លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំបើកកិច្ចប្រជុំស្ដីពីត្រៀមចុះសួរសុខទុក្ខកងទ័ពឈរជើងនៅសមរភូមិមុខ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី នាយទាហ៊ាន នាយទាហ៊ានរង អភិបាលខេត្ត អភិបាស្រុក លោ លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ថ្លែងក្នុងឱកាសនោះលោក ជា សុខរិទ្ធ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវ ដល់បងប្អូនកងទ័ព បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីលះបង់ ការពារនូវបូរណភាពទឹកដីពីការឈ្លានពានដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតារបស់ថៃមកលើកម្ពុជាយើង។ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនគ្រួសារកងទ័ព ប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា គោរពនិងចងចាំមិនភ្លេច ពួកយើងខ្ញុំសូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។
ផ្អែកលើបរិបទនេះលោកអភិបាលរងខេត្តបានបញ្ជាក់ទៀតាថា បងប្អូនប្រជាពលរដ្ឋ អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ ប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងចិត្តនិងសម្ភារៈផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ដល់គ្រួសារកងទ័ព ជនភៀសឹក និងពលរដ្ឋងាយរងគ្រោះជាដើម។ ការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនដល់វីរៈកងទ័ពនៅសមរភូមិមុខ៕
ដោយ៖ បៃ ស៊ីថុន





