នាយកដ្ឋានជំនាញក្រសួងអប់រំបន្តជួយគាំទ្រសាលាបឋមសិក្សា ហ៊ុន សែន អូរស្មាច់ ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ
AKP ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦--លោក ស សុភាព ប្រធាននាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ និងលោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា ហ៊ុន សែន អូរស្មាច់ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈដែលសាលាបឋមសិក្សាមួយនេះស្ថិតក្នុងចំណោមសាលារៀនជាច្រើនទៀត ដែលបានរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ។

ក្នុងឱកាសនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយគណៈនាយក និងបុគ្គលិកអប់រំនៃសាលាបឋមសិក្សា ហ៊ុន សែន អូរស្មាច់ ដើម្បីធ្វើការរៀបចំផែនការសកម្មភាពគាំទ្រសាលារៀន ធានាថាសកម្មភាពរៀន និងបង្រៀននៅតែមានដំណើរការជាប្រក្រតី ពិនិត្យ និងសិក្សានូវមតិយោបល់ សំណូមពរ និងការស្នើសុំនានាពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងបាននាំយកថវិកា អាហារ និងសម្ភារសិក្សាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយ ដែលនាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះទៅសាលាបឋមសិក្សា ហ៊ុន សែន អូរស្មាច់ ដើម្បីបន្តចូលរួមគាំទ្រដល់សាលាដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ និងពង្រឹងចំណងមេត្រីភាពរវាងស្ថាប័នអប់រំ ក្នុងការធានាបាននូវនិរន្តរភាពនៃការរៀន និងបង្រៀនទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





