កីឡាករ អ៊ីវែន អ៊ីវ៉ាណូវ ឈ្នះពានរង្វាន់ធំបំផុតក្នុងអាជីពវាយកូនបាល់អាជីព
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- កីឡាករវាយកូនបាល់ដ៏មានទេពកោសល្យជនជាតិប៊ុលហ្គារី កីឡាករ អ៊ីវែន អ៊ីវ៉ាណូវ (Ivan Ivanov)បានឈ្នះពានរង្វាន់ដ៏ធំបំផុតនៃអាជីពរបស់ខ្លួននៅក្នុងការប្រកួត M25 ITF នៅទីក្រុងតារ៉ាហ្គោណា របស់ប្រទេសអេស្ប៉ាញកាលពីពេលថ្មីៗនេះ។កីឡាករវ័យ ១៧ឆ្នាំរូបនេះបានទទួលជ័យជម្នះក្នុងលទ្ធផល ៦-៣ និង ៦-២លើកីឡាករអេស្ប៉ាញ អាឡិច ម៉ាទី ភូចូឡាស់ (Alex Marti Pujorlas) ក្នុងវគ្គផ្តាច់ព្រ័ត្រ។
នេះ គឺជាពានរង្វាន់ទីពីររបស់កីឡាករ អ៊ីវ៉ាណូវ នៅក្នុងកីឡាវាយកូនបាល់អាជីពមួយនេះ បន្ទាប់ពីពានរង្វាន់នៅក្នុងការប្រកួត M15 ក្នុងទីក្រុងស៊ិនធែនដ្រេ របស់ប្រទេសហុងគ្រីកាលពីឆ្នាំមុន។ នៅក្នុងឆ្នាំ២០២៥ កីឡាកររូបនេះបានឈ្នះពានរង្វាន់ Grand Slam កម្រិតយុវជនចំនួនពីរក្នុងចំណោមបួន បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការប្រកួត Wimbledon និងការប្រកួត US Open។
នៅពេលដែលចំណាត់ថ្នាក់ត្រូវបានធ្វើបច្ចុប្បន្នភាព កីឡាករវ័យជំទង់រូបនេះ បច្ចុប្បន្នស្ថិតនៅលេខរៀងទី៧៨០ នៅលើពិភពលោក ដែលនឹងខិតជិតដល់លេខរៀងទី៦០០៕





