លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងចាកចេញពីអ៊ីរ៉ង់ក្នុងរយៈពេល ២ ឬ ៣សប្តាហ៍ទៀត
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីពេលថ្មីៗនេះថា កងកម្លាំងអាម៉េរិកនឹងដកខ្លួនចេញពីអ៊ីរ៉ង់ក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ដោយអះអាងថា «គ្មានហេតុផល» ដើម្បីនៅបន្តទៀតនោះទេ។ ដោយប្រឈមមុខនឹងសម្ពាធក្នុងស្រុក ខណៈដែលតម្លៃប្រេងឥន្ធនៈឡើងលើសពី៤ដុល្លារអាម៉េរិកក្នុងមួយហ្គាឡុងជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោក ត្រាំ បានលើកឡើងថា ការចាកចេញនឹងធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព។ ខណៈដែលលោកបានកត់សម្គាល់ថា ប្រតិបត្តិការយោធាលឿនជាងកាលវិភាគពីរសប្តាហ៍ លោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកនៅតែផ្តោតទៅលើការបន្សាបសមត្ថភាពវាយលុកដែលនៅសេសសល់របស់អ៊ីរ៉ង់ មុនពេលចាកចេញ។
លោកប្រធានាធិបតីរូបនេះបានបង្ហាញថា កិច្ចចរចាអាចធ្វើឡើងបានដោយពណ៌នាអំពីថ្នាក់ដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នថា «សមហេតុផលជាង» និងចង់បានកិច្ចព្រមព្រៀងមួយ។ លោក ត្រាំ បានផ្ទេរការទទួលខុសត្រូវចំពោះសន្តិសុខក្នុងតំបន់ទៅឱ្យសហគមន៍អន្តរជាតិ ដោយបញ្ជាក់ថា ប្រទេសនានា ដូចជាបារាំងជាដើមនោះត្រូវតែ «ការពារខ្លួនឯង» ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហ័រមុស និងការពារការដឹកជញ្ជូនប្រេងសកលលោក ដែលនេះជាការបង្ហាញពីការបង្វិលដ៏សំខាន់មួយឆ្ពោះទៅរកភាពឯកោ ដែលបង្ហាញថាសហរដ្ឋអាមេរិកនឹងលែងដើរតួជាអ្នកធានាចម្បងនៃសុវត្ថិភាពផ្លូវទឹកទៀតហើយ។
បើទោះបីជាមានពេលវេលាសុទិដ្ឋិនិយមរបស់លោក ត្រាំ ក៏ដោយ ក៏មន្ត្រីការពារជាតិបានផ្តល់នូវទស្សនវិស័យប្រុងប្រយ័ត្នជាងមុន ខណៈដែលជម្លោះចូលដល់សប្តាហ៍ទីប្រាំរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ភែត ហេកសេត (Pete Hegseth) បានព្រមានថាប៉ុន្មានថ្ងៃខាងមុខនេះនឹងជាពេលវេលាដ៏សំខាន់ ហើយបានទទួលស្គាល់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពក្នុងការសងសឹក។ ដោយមានកងទ័ពអាម៉េរិកចំនួន៥០.០០០នាក់កំពុងដាក់ពង្រាយនៅក្នុងតំបន់នោះ វោហាសាស្ត្រដែលផ្លាស់ប្តូររបស់រដ្ឋបាលបានបង្ហាញពីភាពតានតឹងរវាងបំណងប្រាថ្នាសម្រាប់ការចាកចេញយ៉ាងឆាប់រហ័ស និងការពិតខាងយុទ្ធសាស្ត្រនៃការចូលរួមយោធាដ៏ធំមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





