ចិនដីគោកថ្កោលទោសចំពោះការប៉ុនប៉ង «ផ្ដាច់ខ្លួន» របស់កោះតៃវ៉ាន់
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ចិនដីគោក បានរិះគន់យ៉ាងខ្លាំងចំពោះការប៉ុនប៉ងរបស់អាជ្ញាធរកោះតៃវ៉ាន់ក្នុងការផ្តាច់ខ្លួនចេញពីចិនដីគោក ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
លោកស្រី Zhang Han អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់មេដឹកនាំកោះតៃវ៉ាន់ លោកLai Ching-te ដែលបានលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងចំណោមដៃគូ ដែលមានគំនិតដូចគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែករបស់កោះនេះលើចិនដីគោក និងធានាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខ្លួននាពេលអនាគត។
លោកស្រី Zhang បានរិះគន់ទៅលើអ្វីដែលហៅថា កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ ថាគ្រាន់តែជាគម្រោងមួយដែលព្យាយាមពឹងផ្អែកលើការគាំទ្រពីបរទេស ដើម្បីស្វែងរកឯករាជ្យភាពតៃវ៉ាន់ប៉ុណ្ណោះ ដោយប្រគល់ឧស្សាហកម្មរបស់កោះតៃវ៉ាន់ទៅឱ្យអ្នកដទៃប្រកបដោយប្រសិទ្ធភាព។
លោកស្រី Zhang ក៏បានបដិសេធចំពោះការចោទប្រកាន់ថ្មីៗពីអាជ្ញាធរពាក់ព័ន្ធរបស់កោះតៃវ៉ាន់ផងដែរ ដែលបានបង្ខូចគោលនយោបាយរបស់ចិនដីគោកសម្រាប់ការអភិវឌ្ឍឆ្លងច្រកសមុទ្ររួមបញ្ចូលគ្នា។
លោកស្រីបានសង្កត់ធ្ងន់ថា អាជ្ញាធរគណបក្សជឿនលឿនប្រជាធិបតេយ្យ ដែលជំរុញដោយរបៀបវារៈឯករាជ្យភាពតៃវ៉ាន់របស់ពួកគេកំពុងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរដោយចេតនាខណៈដែលតែងតែបង្កាច់បង្ខូច បង្ខូចកេរ្តិ៍ឈ្មោះ រារាំង និងបំផ្លាញអ្វីដែលមានប្រយោជន៍ដល់ការអភិវឌ្ឍទំនាក់ទំនងឆ្លងច្រកសមុទ្រ និងសុខុមាលភាពរបស់ប្រជាជននៅភាគីទាំងពីរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា សកម្មភាពបែបនេះ គឺមិនមានប្រជាប្រិយភាព និងងាយនឹងបរាជ័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





