ចិន និងប៉ាគីស្ថាន ជំរុញឱ្យមានបទឈប់បាញ់គ្នានៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំង ភាគីចិន និងប៉ាគីស្ថានបានបង្ហាញគំនិតផ្តួចផ្តើមប្រាំចំណុច ដែលមានគោលបំណងស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។ សំណើនេះផ្តល់អាទិភាពដល់បទឈប់បាញ់គ្នាជាបន្ទាន់ និងការចាប់ផ្តើមកិច្ចពិភាក្សាសន្តិភាព ដោយសង្កត់ធ្ងន់ថា «កិច្ចសន្ទនា និងការទូត»គឺជាដំណោះស្រាយតែមួយគត់ដែលអាចអនុវត្តបានចំពោះជម្លោះនាពេលបច្ចុប្បន្ន។ ប្រទេសទាំងពីរបានជំរុញឱ្យភាគីនានាទប់ស្កាត់អរិភាពពីការរីករាលដាល និងអំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីទៅដល់គ្រប់តំបន់ដែលរងផលប៉ះពាល់ដោយសង្គ្រាម។
សសរស្តម្ភនៃគំនិតផ្តួចផ្តើមនេះ គឺការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ទីក្រុងប៉េកាំង និងអ៊ីស្លាម៉ាបាដ បានទាមទាររួមគ្នាឱ្យបញ្ចប់ការវាយប្រហារលើគោលដៅមិនមែនយោធា រួមទាំងគោលដៅថាមពល កន្លែងបន្សាបជាតិប្រៃ និងរោងចក្រថាមពលនុយក្លេអ៊ែរ។ លើសពីនេះទៀត ពួកគេបានបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រហ័រមុស ដោយអំពាវនាវឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាពាណិជ្ជកម្ម និងការការពារសមាជិកនាវិក ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងទំនិញសកលលោក។
គំនិតផ្តួចផ្តើមនេះ ក៏គាំទ្រដល់ពហុភាគីនិយមពិតប្រាកដ និងអាទិភាពនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលផ្ទុយពីការព្រមានជាឯកតោភាគីថ្មីៗពីទីក្រុងវ៉ាស៊ីនតោនផងដែរ។ ខណៈដែលសហរដ្ឋអាមេរិកបានដាក់សម្ពាធទៅលើអ៊ីរ៉ង់ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ ប្រទេសចិន និងប៉ាគីស្ថានកំពុងដាក់ខ្លួនជាអ្នកសម្របសម្រួល ដើម្បីបង្កើតក្របខ័ណ្ឌមានតុល្យភាពសម្រាប់ការដោះស្រាយនយោបាយ។ អ្នកជំនាញបានលើកឡើងថា កិច្ចសហការនេះទាញយកអត្ថប្រយោជន៍ពីតួនាទីក្នុងតំបន់ដ៏ពិសេសរបស់ប្រទេសប៉ាគីស្ថាននិងឥទ្ធិពលការទូតរបស់ប្រទេសចិន ដើម្បីផ្តល់ជម្រើសដ៏ទូលំទូលាយមួយចំពោះវដ្តនៃកម្លាំងដែលកំពុងកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





