កូរ៉េខាងជើងថ្កោលទោសសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សលើទីក្រុងព្យុងយ៉ាង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- នៅថ្ងៃព្រហស្បតិ៍នេះប្រទេសកូរ៉េខាងជើងបានថ្កោលទោសសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះដោយហៅវាថាជា «ការញុះញង់នយោបាយធ្ងន់ធ្ងរ»។
ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបានអនុម័តសេចក្តីសម្រេចប្រចាំឆ្នាំរបស់ខ្លួនស្តីពីសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាងដោយការឯកភាពគ្នាកាលពីថ្ងៃចន្ទនៅក្នុងសម័យប្រជុំធម្មតាលើកទី៦១ របស់ខ្លួនដែលចូលរួមដោយប្រទេសចំនួន ៥០ រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា «ក្រសួងចាត់ទុកទង្វើនៃការអនុម័តសេចក្តីសម្រេចស្ដីពីសិទ្ធិមនុស្សប្រឆាំងនឹងសាធារណរដ្ឋរបស់យើងថាជាការញុះញង់នយោបាយធ្ងន់ធ្ងរប្រឆាំងនឹងសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពជាតិ ហើយយើងថ្កោលទោសលើសេចក្ដីសម្រេចដោយខ្លាំងក្លាបំផុត»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





