មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិភាក្សាអំពីការធ្វើសមយុទ្ធរួមគ្នា និងនវានុវត្តន៍យោធា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- កងទ័ពកូរ៉េខាងត្បូងបាននិយាយថា មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធីដើម្បីជំរុញសមយុទ្ធរួមគ្នា និងនវានុវត្តន៍យោធារបស់ពួកគេ ដោយបញ្ចូលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបៗ។
យោងតាមកងកម្លាំងប្រដាប់អាវុធបានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាវីដេអូ នាយសេនាធិការកងទ័ព លោកឧត្តមសេនីយ៍ គីមយូហា (Kim Gyu-ha) និងសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោកឧត្តមសេនីយ៍ រ៉ាន់ឌី អា ចច (Randy A. George) បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងកម្រិតកំពូល ដើម្បីលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំ។
ភាគីទាំងពីរក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេតាមរយៈការផ្លាស់ប្តូរនៅក្នុងព្រឹត្តិការណ៍ពហុភាគី ដូចជាសិក្ខាសាលាកងកម្លាំងជើងគោកប៉ាស៊ីហ្វិក (LANPAC) ក្នុងខែឧសភា ដែលជាការជួបជុំជាប្រចាំរបស់មន្ត្រីយោធាកម្រិតកំពូលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរៀបចំដោយសមាគមកងទ័ពសហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





