ប្រជាពលរដ្ឋនៅឃុំឧត្តមសូរិយា ស្រុកត្រាំកក់ទទួលបាន ផ្លូវបេតុងអាមេថ្មីមួយខ្សែ បើកការដ្ឋានសាងសង់រួចហើយ កាលពីម្សិលម៉ិញ
AKP តាកែវ ថ្ងៃទី02 ខែមេសា ឆ្នាំ2026 លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង1740ម៉ែត្រ។ផ្លូវនេះឆ្លងកាត់ភូមិចំនួន២ក្នុងឃុំឧត្តមសូរិយា គឺភូមិចុងអាង និងភូមិត្រពាំងថ្លាន់ ដែលជាគម្រោងថវិកាមូលនិធិឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ឆ្នាំ2025។ពិធីនេះរៀបចំឡើងនៅក្នុងភូមិចុងអាង ឃុំឧត្តមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ១៤ ទី01 ខែមេសា ឆ្នាំ2026។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកត្រាំកក់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកត្រាំកក់ លោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំឧត្តមសូរិយា និងប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានលើកឡើងថា សមិទ្ធផលថ្មីសន្លាងដែលកើតចេញពីការយកចិត្តទុកដាក់របស់រដ្ឋបាលឃុំនិងស្រុក គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់អាជ្ញាធរមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឲ្យកាន់តែល្អប្រសើរឡើង។ផ្លូវមួយខ្សែនេះជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិស្សានុសិស្ស បានកាន់តែងាយស្រួលនិងឆាប់រហ័ស។ម្យ៉ាងទៀតផ្លូវនេះធ្វើឲ្យការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួល ចៀសផុតពីការហុយនៅក្នុងរដូវប្រាំង និងការលំបាកដោយសារភក់ជ្រាំនៅក្នុងរដូវវស្សា។

លោកអភិបាលស្រុកត្រាំកក់ ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការសាងសង់ និងក្រុមបច្ចេកទេស ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងភាពជាប់រឹងមាំយូរអង្វែង។ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការ និងសូមអធ្យាស្រ័យយោគយល់នៅអំឡុងពេលសាងសង់ ដើម្បីឲ្យគម្រោងផ្លូវនេះបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

លោក កេត ម៉ៅ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់ផ្លូវនេះឱ្យបានយូរអង្វែងតកូនចៅទៅមុខទៀត។ម្យ៉ាងទៀតពេលផ្លូវនេះសាងសង់ហើយរួចរាល់ សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ ចៀសវាងគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងជាយថាហេតុ៕



ដោយ អ៊ុច សៀង





