អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ក្នុងឱកាសឆ្នាំថ្មី
AKP កំពង់ចាម ថ្ងៃ០១ ខែមេសា ឆ្នាំ២០២៦ -- កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីចោរឈ្លានពាន។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តកំពង់ចាម តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួមលើកទឹកចិត្ត សួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធក្នុងការការពារបូរណភាពទឹកដីរបស់យើងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថា បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្ករដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាព ឬសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទរបស់យើងនៅទីនោះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែ បើយើងប្រើកម្លាំង ទល់នឹងកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនូវការខូចខាតទាំងសងខាងនោះទេ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឱ្យបានខ្ជាប់ខ្ជួន។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាមនាឱកាសនេះដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន និងបាននាំជាអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈរួមនឹងថវិកាមួយចំនួនជូនដល់កងកម្លាំងរបស់យើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាការបង្ហាញនូវក្តីស្រឡាញ់ ការលើកសេចក្តីទុកចិត្ត និងការគាំទ្រដល់តម្លៃនៃការលះបង់របស់បងប្អូននៅក្នុងការការពារបូរណភាពទឹកដី មិនឱ្យមានការរំខានពីសំណាក់បរទេសដែលមានបំណងមិនល្អចំពោះប្រទេសរបស់យើង។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលរដ្ឋបាលខេត្តបាននាំយកទៅប្រគល់ជូនកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ នោះរួមមាន ថវិកាចំនួន ៥០លានរៀល ស៊ីម៉ងត៍ចំនួន ៥៦តោន និងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ៕
ដោយ៖ ឆាយ ម៉ុត





