ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគេហទំព័ររដ្ឋសភា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦------
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារកែលម្អគេហទំព័ររដ្ឋសភា សំដៅធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យាឱ្យកាន់តែមានសក្ដានុពល ជំរុញបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។
កិច្ចប្រជុំនេះមានគោលបំណងសិក្សាអំពីសមត្ថភាពប្រព័ន្ធ ព្រមទាំងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវរាល់មុខងារប្រតិបត្តិការនៃបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវយកមកអនុវត្តក្នុងស្ថាប័នរដ្ឋសភាឱ្យចំគោលដៅ និងដើម្បីពន្លឿនការធ្វើកំណែទម្រង់គេហទំព័ររដ្ឋសភាឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។

បច្ចុប្បន្ន អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងរៀបចំរចនាគេហទំព័រថ្មីឱ្យមានភាពទាក់ទាញ ទាំងការរៀបចំរូបភាព ទម្រង់អក្សរ និងភាពងាយស្រួលក្នុងការចូលអាន និងទស្សនា។ គេហទំព័រនេះនឹងក្លាយជាឃ្លាំងទិន្នន័យដ៏សំខាន់ សម្រាប់ផ្ទុកឯកសារច្បាប់ និងព័ត៌មានសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ជូនដល់សាធារណជន សិស្ស និស្សិត សម្រាប់សិក្សាស្រាវជ្រាវ។


ក្រៅពីគេហទំព័រផ្លូវការ អគ្គលេខាធិការដ្ឋានរដ្ឋសភាបាននិងកំពុងពង្រីកវិសាលភាពផ្សព្វផ្សាយលើបណ្ដាញសង្គមជាច្រើនទម្រង់ រួមមាន៖ Facebook Page, Telegram, Instagram, X (Twitter), YouTube និងត្រៀមដាក់ឱ្យដំណើរការ កម្មវិធីលើទូរស័ព្ទដៃ (App រដ្ឋសភា) នាពេលឆាប់ៗខាងមុខនេះផងដែរ។


សូមរំលឹកថា ការរៀបចំធ្វើបច្ចុប្បន្នភាពគេហទំព័ររដ្ឋសភានៅពេលនេះជាផ្នែកមួយនៃផែនការក្នុងការប្រែក្លាយរដ្ឋសភាបច្ចុប្បន្នជារដ្ឋសភាអេឡិចត្រូនិក ដែលទទួលបានការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំរបស់រដ្ឋសភាផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារនីតិប្បញ្ញត្តិ និងការផ្តល់សេវាជូនតំណាងរាស្ត្រ ក៏ដូចជាប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានតម្លាភាព និងទំនើបកម្ម៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





