ធនាគារជាតិនៃកម្ពុជា សហការជាមួយ JICA រៀបចំសិក្ខាសាលាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
AKPភ្នំពេញថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៦– ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំសិក្ខាសាលាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ការអភិវឌ្ឍ តួនាទី និងទស្សនវិស័យ” ។

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំសិក្ខាសាលាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ តួនាទី និងទស្សនវិស័យ” ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី Miki Watanabe តំណាង JICA នាដើមសប្តាហ៍នេះ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។

សិក្ខាសាលានេះមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ និងនិស្សិត សរុបប្រមាណ ១០០ រូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធផលស្រាវជ្រាវពាក់ព័ន្ធ ព្រមទាំងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ ប្រសិទ្ធភាព និងចីរភាព។

ក្នុងឱកាសនេះ ឯកឧត្តម យឹម លាត បានសង្កត់ធ្ងន់លើការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី និងក្រុមងាយរងគ្រោះ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ សំដៅជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ។

សិក្ខាសាលានេះក៏បានរំលេចពីតួនាទីសំខាន់នៃគោលនយោបាយផ្អែកលើភស្តុតាងស្រាវជ្រាវ និងការបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង JICA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ឱ្យមានភាពច្នៃប្រឌិតទូលំទូលាយ និងចីរភាព៕
ដោយ៖ ចរិយា ប្រភព៖ NBC





