មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ ផ្សព្វផ្សាយសភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានអញ្ជើញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព និងផ្សព្វផ្សាយបទបញ្ជាលេខ ០១/០២៦ ប.ជ ចុះថ្ងៃទី២១.៣.២០២៦ របស់ឯកឧត្ដមមេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០២/២០២៦ ស.ណ.ន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន និងអគ្គិសនី របស់នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

លោកមេបញ្ជាការបានលើកទឹកចិត្តដល់នាយ-ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនោះ ត្រូវត្រៀមកម្លាំងចល័តចុះជួយប្រជាពលរដ្ឋជាយថាហេតុ និងចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត អោយបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មានតាមខ្សែបន្ទាត់ព្រំដែន ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ក្នុងពេលនោះដែរ លោកមេបញ្ជាការកងការពារព្រំដែនលេខ៦០១ មានប្រសាសន៍បញ្ជាក់ថា កងយោធពលខេមរភូមិន្ទជាកូនចៅរបស់ប្រជាជន ដូច្នេះត្រូវតែចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសន្តិសុខសង្គមឱ្យបានល្អប្រសើរ៕

ដោយ សំ សាម៉ន (ប្រភព៖ បញ្ជាការដ្ឋានកងទ័ពជើងគោក)





