មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនរៀបចំផែនការក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក
AKP កំពង់ធំ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានជំរុញឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំធ្វើផែនការសម្រាប់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាពសម្រាប់មហាព្រឹត្តិការណ៍នេះដែលតម្រូវឱ្យអង្គភាពជំនាញពាក់ព័ន្ធធ្វើផែនការលម្អិតឱ្យបានស៊ីជម្រៅដើម្បីឆ្ពោះទៅសម្រេចឱ្យបានតាមការរំពឹងទុក ដោយកិច្ចប្រជុំបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា យើងនឹងមានកិច្ចប្រជុំពិភាក្សាបន្ថែមទៀតនៅសប្តាហ៍ទីពីរនៃខែឧសភា ដើម្បីផ្ទៀងផ្ទាត់ និងវាយតម្លៃលើផែនការលម្អិតចុងក្រោយសម្រាប់ភារកិច្ចនិងការទទួលខុសត្រូវរបស់ជំនាញ អាជ្ញាធរទាំងអស់ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ និងមន្ទីរអប់រំ ត្រូវសហការគ្នាក្នុងការគាំទ្រ ព្រមទាំងបន្ស៊ីគ្នាក្នុងការរៀបចំសិស្សានុសិស្សទទួលស្វាគមន៍ ការលេងរបាំប្រពៃណីជនជាតិ ការរៀបចំអាហារប្រពៃណី ទីកន្លែងឈប់សម្រាក ដែលអាចឱ្យភ្ញៀវទេសចរបានទស្សនា និងចូលរួម។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈដែលពេលនេះយើងកំពុងតែដើរលើផ្លូវត្រូវឆ្ពោះទៅរកការរួបរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ និងដើម្បីកំណើនទេសចរណ៍ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់។

លោកអភិបាលរងខេត្តបានបន្ថែមថា ប្រជាជននឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីព្រឹត្តិការណ៍នេះទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ព្រមទាំងការយល់ដឹងពីវប្បធម៌បេតិកភណ្ឌដែលប្រជាពលរដ្ឋខេត្តកំពង់ធំត្រូវតែដឹង។
ឯកឧត្តម វ៉ាហេង ដាវុធ សង្ឃឹមថា មហាព្រឹត្តិការណ៍នេះនឹងទទួលបានការគាំទ្រពីគ្រប់ទិសទីទាំងអស់ ពិសេសប្រព័ន្ធផ្សព្វផ្សាយដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានភាពទាក់ទាញល្បីល្បាញ និងកំណើនទេសចរណ៍ ក៏ដូចជាជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថាព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ មានឈ្មោះថា "ផ្លូវឆ្ពោះទៅរាជធានីឥសានបុរៈចេនឡាមុនសម័យអង្គរ" ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះដែលមានអ្នកចូលរួមជាង១០០០ នាក់ ដោយធ្វើដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក៕
ដោយ ស៊ុម វណ្ណា





