គិតត្រឹម៣ខែដំបូងនៃឆ្នាំ២០២៦ រមណីយដ្ឋានអង្គរទទួលបានចំណូលសរុបជាង១៣,១លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១៣,១លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២៦ ចាប់ពីខែមករា ដល់ខែមីនា ថយចុះប្រមាណជា៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា រយៈពេល៣ខែនៃឆ្នាំ២០២៦នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវសរុប ២៧០ ៩១១នាក់ ដែលរកចំណូលបានជាង ១៣,១លានដុល្លារ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែមីនា ឆ្នាំ២០២៦ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបាន ៨២ ០២៦នាក់ ដែលរកប្រាក់ចំណូលបាន ៣,៩២លានដុល្លារ ថយចុះ ២៩,២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។
ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកចំណូលបានជាង ៤៣,៨ម៉ឺនដុល្លារ ក្នុងរយៈពេល៣ខែ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកេរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសំបុត្រទូក។
គួរបញ្ជាក់ដែរថា ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល៣ខែនៃឆ្នាំ២០២៤ នេះ មានចំនួនប្រមាណ ៥៤,១ម៉ឺនដុល្លារ៕

ដោយ៖ ស្រីពេជ្រ





