តម្លៃប្រេងម៉ាស៊ូតបានបំបែកកំណត់ត្រាថ្មីនៅប្រទេសប៊ែលហ្ស៊ិក
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ -- តម្លៃប្រេងម៉ាស៊ូតនៅប្រទេសប៊ែលហ្ស៊ិកនឹងឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Belga ដែលបានដកស្រង់សម្តីរបស់មន្រ្តីក្រសួងសេដ្ឋកិច្ចប៊ែលហ្ស៊ិក។
ប្រេងម៉ាស៊ូត (B7) ត្រូវបានកំណត់ឱ្យឡើងដល់តម្លៃ ២,៣៣៣អឺរ៉ូក្នុងមួយលីត្រ (ប្រហែល ២,៧៧ដុល្លារអាម៉េរិក) ដែលកើនឡើង ១៧សេន។ប្រេងសាំង 95 (E10) នឹងឡើងដល់តម្លៃអតិបរមា គឺ ១,៩២អឺរ៉ូក្នុងមួយលីត្រ(ប្រហែល ២,២៨ដុល្លារអាម៉េរិក) ដែលកើនឡើង ៥,៧សេន។ ប្រេងកំដៅ(H0/H7) នឹងឡើង ៣,៥សេន ដែលតម្លៃនឹងឡើងដល់ ១,៤៣៤៧អឺរ៉ូក្នុងមួយលីត្រ (ជិត ១,៧០ដុល្លារអាម៉េរិក) សម្រាប់ការបញ្ជាទិញយ៉ាងហោចណាស់២.០០០លីត្រ។
កាលពីថ្ងៃទី០២ ខែមីនា ប្រទេសអ៊ីរ៉ង់បានប្រកាសពីការរឹតបន្តឹងទៅលើការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមុស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់នាវាដឹកប្រេង ដោយគំរាមកំហែងវាយប្រហារនាវាណាមួយដែលព្យាយាមឆ្លងកាត់ដោយគ្មានការសម្របសម្រួល។
ប្រេងប្រហែល ២០លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រនោះជារៀងរាល់ថ្ងៃ ហើយការបិទទ្វារប្រកបដោយប្រសិទ្ធភាពរបស់វាបានជំរុញឱ្យតម្លៃប្រេង និងថ្លៃដឹកជញ្ជូន និងធានារ៉ាប់រងកើនឡើង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក។
តំបន់ទាំងមូលបានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១.៣៤០នាក់រហូតមកដល់ពេលនេះ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





