សភាអ៊ីស្រាអែលអនុម័តថវិកាការពារជាតិឆ្នាំ២០២៦ ដែលមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ -- សភាអ៊ីស្រាអែលបានអនុម័តថវិការដ្ឋឆ្នាំ២០២៦ របស់ប្រទេសកាលពីព្រឹកថ្ងៃចន្ទ រួមទាំងការបែងចែកថវិកាសម្រាប់ការចំណាយលើវិស័យការពារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ខណៈដែលគណបក្សប្រឆាំងបានថ្កោលទោសចំពោះផែនការនេះថា ជាការលួចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
យោងតាមកាសែត The Times of Israel បានឱ្យដឹងថា ថវិកានេះត្រូវបានអនុម័តការអានចុងក្រោយរបស់ខ្លួននៅក្នុងសភា Knesset ដោយសំឡេងគាំទ្រ ៦២ ទល់នឹង ៥៥។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Hebrew បានឱ្យដឹងថា ថវិកាចំនួន៨៥០,៦ប៊ីលានសេកែល (២៧១ប៊ីលានដុល្លារអាម៉េរិក) ដែលក្នុងនោះរួមមាន ថវិកាចំនួន ១៤៣ប៊ីលានសេកែល (៤៥,៨ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ក្រសួងការពារជាតិ ដែលជាការបែងចែកថវិកាការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ការបោះឆ្នោតគាំទ្រនេះបានកើតឡើងមុនថ្ងៃផុតកំណត់ផ្នែកច្បាប់នៅថ្ងៃអង្គារនេះ បន្ទាប់ពីការបរាជ័យក្នុងការអនុម័តថវិកាដែលនឹងបង្កឱ្យមានការបោះឆ្នោតមុនកាលកំណត់ដោយស្វ័យប្រវត្តិ។
មេដឹកនាំគណបក្សប្រឆាំង លោក យ៉ែរ ឡាភីដ (Yair Lapid) បានសម្តែងការមិនពេញចិត្តចំពោះការអនុម័តថវិកានេះ។
លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «ការលួចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋត្រូវបានបញ្ចប់»។
លោកបានបន្ថែមថា «ពួកគេបានយកប្រាក់ពីអ្នកបម្រុង ហើយប្រគល់វាទៅឱ្យអ្នករត់គេចខ្លួន។ ពួកគេបានប្លន់កម្មករ ហើយប្រគល់វាទៅឱ្យពួកពុករលួយ»។
ថវិកានេះត្រូវបានអនុម័តក្នុងអំឡុងពេលសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលកំពុងបន្តលើអ៊ីរ៉ង់ ដែលបានបង្កើនភាពតានតឹងនៅទូទាំងតំបន់ និងជំរុញឱ្យមានការកើនឡើងនៃការចំណាយលើយោធារបស់អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





