សហរដ្ឋអាមេរិកអនុញ្ញាតឱ្យនាវាដឹកប្រេងរុស្ស៊ីបំបែកការបិទផ្លូវ និងធ្វើដំណើរទៅកាន់ប្រទេសគុយបា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យនាវាដឹកប្រេងឆៅរបស់រុស្ស៊ីមួយគ្រឿងដែលដឹកប្រេងឆៅចំនួន៧៣០.០០០បារ៉ែលទៅកាន់ប្រទេសគុយបា ដែលជាការបន្ធូរបន្ថយជាបណ្តោះអាសន្ននូវការបិទផ្លូវសមុទ្ររយៈពេលមួយខែ។ ការដឹកជញ្ជូននេះត្រូវបានគេរំពឹងថានឹងចូលចតនៅស្ថានីយម៉ាតាន់ហ្សាស់ ដែលផ្តល់នូវខ្សែជីវិតថាមពលដ៏សំខាន់ដល់ប្រទេសកោះមួយនេះ ខណៈដែលវាជិតដល់ការថយចុះទាំងស្រុងនៃទុនបម្រុងប្រេងឥន្ធនៈរបស់ខ្លួន។ ខណៈដែលឆ្មាំសមុទ្រសហរដ្ឋអាមេរិកអាចស្ទាក់ចាប់នាវានេះ ប៉ុន្តែមិនមានបទបញ្ជាណាមួយត្រូវបានដាក់ចេញដើម្បីបញ្ឈប់នាវានោះទេ ដែលអាចជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។
ការទៅដល់របស់នាវានេះកើតឡើងចំពេលដែលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសគុយបា ដែលបណ្តាលមកពីទណ្ឌកម្មថាមពលរបស់សហរដ្ឋអាមេរិក ដែលបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយតម្លៃថាមពលកើនឡើង និងប្រព័ន្ធថែទាំសុខភាពកាន់តែយ៉ាប់យ៉ឺន។អង្គការសហប្រជាជាតិបានរិះគន់វិធានការទាំងនេះ ខណៈដែលរដ្ឋាភិបាលគុយបាបានចាត់ទុកការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីថាជាភស្តុតាងដែលបង្ហាញថា ខ្លួននៅតែអាចពឹងផ្អែកលើសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនបាន។ទោះបីជាមានការលើកលែងរយៈពេលខ្លីនេះក៏ដោយ ក៏សេតវិមានមិនបានបញ្ជាក់ថា តើការដឹកជញ្ជូននាពេលអនាគតនឹងត្រូវបានអនុញ្ញាត ឬហេតុអ្វីបានជានាវាដឹកប្រេងជាក់លាក់នេះត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់នោះទេ។
បរិយាកាសការទូតនៅតែមានភាពប្រែប្រួលខ្លាំង ដោយសារមន្ត្រីជាន់ខ្ពស់អាម៉េរិកបានបង្ហាញពីបំណងប្រាថ្នាចង់ផ្លាស់ប្តូររបបនៅទីក្រុងហាវ៉ាណា។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងពីលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងប្រទេសកោះនេះ ខណៈដែលលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានសង្កត់ធ្ងន់ថា ស្ថិរភាពសេដ្ឋកិច្ច គឺមិនអាចទៅរួចទេក្រោមរដ្ឋាភិបាលគុយបាបច្ចុប្បន្ន។ ជាការឆ្លើយតប មន្ត្រីគុយបាបាននិយាយថា ពួកគេកំពុងរៀបចំខ្លួនយ៉ាងសកម្មសម្រាប់ការឈ្លានពានផ្នែកយោធាដែលអាចកើតមាន ដោយបានអះអាងថាប្រទេសជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





