ការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពល និងរោងចក្រចម្រាញ់ទឹកប្រៃរបស់គុយវ៉ែត បណ្តាលឱ្យកម្មករម្នាក់ស្លាប់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ -- ក្រសួងអគ្គិសនីរបស់ប្រទេសគុយវ៉ែត បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា កម្មករម្នាក់ត្រូវបានសម្លាប់ ហើយការខូចខាតសម្ភារៈសំខាន់ៗត្រូវបានបង្កឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនទៅលើអគារសេវាកម្មមួយនៅរោងចក្រផលិតថាមពល និងរោងចក្រចម្រាញ់ទឹកប្រៃនៅក្នុងប្រទេសគុយវ៉ែត។
ក្រសួងបាននិយាយថា អ្នកស្លាប់ គឺជាជនជាតិឥណ្ឌាម្នាក់។
ក្រសួងបាននិយាយថា ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនៅរោងចក្រនេះ។
ក្រសួងបានបន្ថែមថា ក្រុមបច្ចេកទេស និងក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនភ្លាមៗក្រោមផែនការសង្គ្រោះបន្ទាន់ដើម្បីដោះស្រាយផលវិបាកនៃការវាយប្រហារ និងធានាថា ប្រតិបត្តិការបន្តដំណើរការជាធម្មតា។
ក្រសួងបានបញ្ជាក់ថា អាជ្ញាធរកំពុងសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខ និងស្ថាប័នពាក់ព័ន្ធដើម្បីធានាសុវត្ថិភាពនៅទីតាំងដែលខូចខាត។
ភាពតានតឹងក្នុងតំបន់បានបន្តកើនឡើងចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានសម្លាប់មនុស្សជាង ១.៣៤០នាក់រហូតមកដល់បច្ចុប្បន្ន រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) ផងដែរ។
អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់និងប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារ និងអាកាសចរណ៍សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





