សិង្ហបុរីមានគោលបំណងក្លាយជាមជ្ឈមណ្ឌលជួញដូរមាសសកលលោក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសសិង្ហបុរីបានប្រកាសពីផែនការដើម្បីពង្រឹងគោលជំហររបស់ខ្លួនជាមជ្ឈមណ្ឌលជួញដូរមាសសកលលោក ចំពេលដែលមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់វិនិយោគិនក្នុងការរក្សាទុក និងជួញដូរលោហៈដ៏មានតម្លៃនេះនៅក្នុងប្រទេសសិង្ហបុរី។
ផែនការទាំងនេះត្រូវបានគូសបញ្ជាក់ដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី(MAS) និងសមាគមទីផ្សារមាសដុំសិង្ហបុរីកាលពីពេលថ្មីៗនេះ បន្ទាប់ពីកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មក្រោមក្រុមការងារដែលបង្កើតឡើងកាលពីក្នុងខែមករា។
គំនិតផ្តួចផ្តើមនេះរួមមាន ការអភិវឌ្ឍផលិតផលទីផ្សារមូលធនទាក់ទងនឹងមាស ដើម្បីគាំទ្រដល់ការរកឃើញតម្លៃ និងសាច់ប្រាក់ងាយស្រួលការបង្កើតស្តង់ដារអន្តរជាតិសម្រាប់ការផ្ទុក និងភស្តុភារ និងការកសាងប្រព័ន្ធទូទាត់សម្រាប់ប្រតិបត្តិការក្រៅបញ្ជរ (OTC) ដែលពាក់ព័ន្ធនឹងដុំមាសធំៗនិងដុំមាសគីឡូបារ។
អាជ្ញាធរ MAS ក៏បាននិយាយផងដែរថា ខ្លួនកំពុងស្វែងយល់ពីលទ្ធភាពនៃការផ្តល់សេវាកម្មរក្សាទុកមាសដល់ធនាគារកណ្តាលបរទេសនិងអង្គភាពរដ្ឋ មានន័យថា មាសអាចត្រូវបានរក្សាទុកក្នុងឃ្លាំងផ្ទាល់ខ្លួន។ធនាគារកណ្តាលក៏បានដាក់ឈ្មោះប្រតិបត្តិករឃ្លាំងបីផ្សេងទៀតផងដែរ ដែលរួមមាន ឃ្លាំង Brink’s Global Services ឃ្លាំង Loomis International និឃ្លាំង Malca-Amit។
យោងតាមអាជ្ញាធរ MAS បានឱ្យដឹងថា វិធានការទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារក្នុងវិស័យឃ្លាំងមាស និងភស្តុភារកម្ម ការជួញដូរ និងការគ្រប់គ្រងទំនាក់ទំនង ក៏ដូចជាការស្រាវជ្រាវ និងការវិភាគ។ ព័ត៌មានលម្អិតនៃការអនុវត្តនឹងត្រូវបានបញ្ចប់នៅក្នុងខែខាងមុខ និងធ្វើបច្ចុប្បន្នភាពពេញមួយឆ្នាំ២០២៦។
ប្រទេសសិង្ហបុរីកំពុងខិតខំដើម្បីដាក់ខ្លួនជាមជ្ឈមណ្ឌលជួញដូរមាសដែលគួរឱ្យទុកចិត្តនៅទ្វីបអាស៊ី រួមជាមួយមជ្ឈមណ្ឌលក្នុងតំបន់ ដូចជាទីក្រុងឌូបៃ សៀងហៃ និងហុងកុង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





