ម៉ាឡេស៊ីដាក់ចេញវិធានការកាត់បន្ថយការចំណាយលើការថែទាំសុខភាព
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋាភិបាលម៉ាឡេស៊ីនឹងពង្រឹងការគាំទ្រដល់ការផលិតឱសថក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាព និងបង្កើនលទ្ធភាពទទួលបានឱសថសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
របាយការណ៍មួយដោយក្រុមហ៊ុន BMI ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារក្រោមកម្មវិធី Fitch Solutions បានបង្ហាញថា ការផ្តោតសំខាន់នៃគោលនយោបាយនេះ គឺដើម្បីបង្កើនចំណែកនៃផលិតផលវេជ្ជសាស្ត្រដែលផលិតក្នុងស្រុក និងបង្កើតក្របខ័ណ្ឌច្បាប់ដែលផ្តល់អាទិភាពដល់ឱសថសំខាន់ៗ ជាពិសេសឱសថទូទៅ និងឱសថដែលមានលក្ខណៈជីវស្រដៀងគ្នា។
ក្រសួងសុខាភិបាលម៉ាឡេស៊ីនឹងណែនាំការអនុវត្តដ៏សំខាន់មួយនៅក្នុងគោលនយោបាយផ្គត់ផ្គង់របស់ខ្លួន ដោយផ្តល់អាទិភាពដល់អ្នកផ្គត់ផ្គង់ជាមួយនឹងការវិនិយោគលើផលិតកម្មក្នុងស្រុក ខណៈដែលពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងកិច្ចចរចាតម្លៃ និងធ្វើឱ្យឱសថទូទៅដែលមានតម្លៃសមរម្យក្លាយជាជម្រើសវេជ្ជបញ្ជាលំនាំដើមនៅពេលដែលមាន។
យុទ្ធសាស្ត្រនៃការផ្តល់អាទិភាពដល់ឱសថទូទៅនេះ បានផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ ដោយសន្សំប្រាក់រដ្ឋាភិបាលម៉ាឡេស៊ីបានជាង ២២០លានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំកន្លងមក គិតត្រឹមខែមករាឆ្នាំ២០២៦។ វាក៏ត្រូវបានកំណត់ថាជាគោលបំណងស្នូលនៅក្នុងផែនការម៉ាឡេស៊ីលើកទី១៣ សម្រាប់ឆ្នាំ២០២៦-២០៣០ និងសៀវភៅសសុខភាពដែលមានគោលបំណងផ្លាស់ប្តូរទម្លាប់ចេញវេជ្ជបញ្ជាក្នុងចំណោមគ្រូពេទ្យនិងពង្រឹងទំនុកចិត្តសាធារណៈទៅលើការព្យាបាលដែលមានតម្លៃទាប និងសមមូល។
ក្រោមថវិកាឆ្នាំ២០២៦ ការចំណាយទៅលើការថែទាំសុខភាពសាធារណៈសរុបត្រូវបានកំណត់នៅចំនួន ៤១៩ប៊ីលានរីងហ្គីត (១០៦,៧ប៊ីលានដុល្លារអាម៉េរិក) ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ២០២០មក។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលនឹងនៅតែទទួលបានថវិកាចំនួន ៤៦,៥ប៊ីលានរីងហ្គីត ដែលកើនឡើងពីចំនួន ៤៥,៣ប៊ីលានរីងហ្គីតកាលពីក្នុងឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





