ហ្វីលីពីនផ្លាស់ប្ដូរកិច្ចប្រជុំត្រៀមសម្រាប់តំណែងប្រធានអាស៊ានឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសហ្វីលីពីនបានផ្លាស់ប្តូរកិច្ចប្រជុំត្រៀមសម្រាប់តំណែងប្រធានអាស៊ានឆ្នាំ២០២៦ របស់ខ្លួនទៅជាទម្រង់អនឡាញ ដោយលើកឡើងពីការវិវឌ្ឍនៅតំបន់អាស៊ីខាងលិច និងផលប៉ះពាល់របស់ពួកគេទៅលើអាទិភាពក្នុងតំបន់ ជាពិសេសសន្តិសុខថាមពល។
លោក រ៉ាល់ហ្វ៍ ជី. រេកតូ (Ralph G. Recto) លេខាធិការប្រតិបត្តិបាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ អ. ម៉ាកូស ជេអ.(Ferdinand R. Marcos Jr.) បានបញ្ជាឱ្យមានការកែសម្រួលឡើងវិញនូវការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២៦ របស់ហ្វីលីពីន ដោយកាត់បន្ថយសកម្មភាពមិនចាំបាច់ ដើម្បីសន្សំសំចៃការចំណាយ និងផ្តោតទៅលើអ្វីដែលសំខាន់បំផុត។
សេចក្តីថ្លែងការណ៍សារព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ប្រធានបាននិយាយកាលពីពេលថ្មីៗនេះថា ជាផ្នែកមួយនៃការណែនាំនេះ កិច្ចប្រជុំត្រៀមប្រហែល ៦៥០កិច្ចប្រជុំ នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។
វាបានកត់សម្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនៅក្នុងខែឧសភា នឹងបន្តជាកិច្ចប្រជុំផ្ទាល់ ប៉ុន្តែមានទម្រង់សាមញ្ញ។
កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថានឹងដោះស្រាយអាទិភាពបន្ទាន់រួមទាំងសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងកង្វល់របស់ពលករចំណាកស្រុក។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ភ្នាក់ងារម្ចាស់ផ្ទះទាំងអស់ត្រូវបានណែនាំឱ្យធ្វើកិច្ចប្រជុំត្រៀមទាំងអស់ចាប់តាំងពីក្រុមការងាររហូតដល់រដ្ឋមន្ត្រី ក្នុងទម្រង់អនឡាញ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្តូរទម្រង់នៃកិច្ចប្រជុំក៏ដោយ ក៏កិច្ចសហប្រតិបត្តិការអាស៊ាននៅតែមានស្ថិរភាព និងមានគោលបំណងពេញលេញ ដោយធានាថា តំបន់នេះបន្តឆ្លើយតបរួមគ្នាយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមរួម៕





