ឡាវជំរុញការតភ្ជាប់ផ្លូវដែកជាមួយវៀតណាម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- គម្រោងផ្លូវដែកមួយដែលតភ្ជាប់ពីឃុំថាកខេក ក្នុងខេត្តខាំមួន របស់ប្រទេសឡាវ និងច្រកព្រំដែនមូយ៉ាក្នុងខេត្តក្វាងប៊ិញ របស់ប្រទេសវៀតណាម ក្រោមគំរូសាងសង់-ដំណើរការ-ផ្ទេរ (BOT) បានទទួលការអនុម័តជាគោលការណ៍ពីរដ្ឋសភាឡាវ (NA) នៅក្នុងសម័យប្រជុំនីតិកាលទី១០ របស់ខ្លួន។
គម្រោងនេះត្រូវបានគេមើលឃើញថា ជាជំហានយុទ្ធសាស្ត្រមួយដើម្បីជួយផ្លាស់ប្តូរប្រទេសឡាវពីប្រទេសដែលគ្មានសមុទ្រទៅជាប្រទេសមួយដែលមានការតភ្ជាប់កាន់តែប្រសើរឡើងទៅនឹងទីផ្សារក្នុងតំបន់ និងពិភពលោកតាមរយៈច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច។
នៅក្នុងសម័យប្រជុំ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ អ្នកតាក់តែងច្បាប់ក៏បានអនុម័តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៦-២០៣០ និងបានអនុម័តរចនាសម្ព័ន្ធអង្គការរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នរដ្ឋសំខាន់ៗផងដែរ។
រដ្ឋសភាបានគាំទ្រកម្មវិធីនីតិបញ្ញត្តិសម្រាប់ឆ្នាំ២០២៦-២០៣០ រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ថ្មីចំនួន១៩ និងវិសោធនកម្មច្បាប់ចំនួន៧២ផ្សេងទៀតនៅទូទាំងវិស័យសំខាន់ៗ ដូចជាវិស័យរដ្ឋបាល យុត្តិធម៌ សេដ្ឋកិច្ចវប្បធម៌-សង្គម និងសន្តិសុខការពារជាតិ។ ផែនការការងាររយៈពេលប្រាំឆ្នាំរបស់ស្ថាប័នរដ្ឋសំខាន់ៗ រួមមានរដ្ឋសភា តុលាការប្រជាជនកំពូល ស្ថាប័នអយ្យការប្រជាជនកំពូល អាជ្ញាធរត្រួតពិនិត្យរដ្ឋ និងអង្គការសវនកម្មរដ្ឋ ក៏ត្រូវបានអនុម័តផងដែរ។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ លោក សាយសុំផន ភុមវិហាន (Xaysomphon Phomvihane) ប្រធានរដ្ឋសភាជាតិឡាវ បាននិយាយថាសម័យប្រជុំនេះបានសម្រេចនូវរបៀបវារៈរបស់ខ្លួនជាមួយនឹងលទ្ធផលវិជ្ជមាន រួមទាំងការបោះឆ្នោតជ្រើសរើសតំណែងថ្នាក់ដឹកនាំសំខាន់ៗនៃបរិធានរដ្ឋ។
លោកបានសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការទទួលខុសត្រូវរបស់តំណាងរាស្ត្ររដ្ឋសភា ដែលបានដាក់មូលដ្ឋានគ្រឹះសម្រាប់ប្រទេសឡាវក្នុងការអនុវត្តសេចក្តីសម្រេចនៃសមាជជាតិលើកទី១២របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និងជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
សមាជិកសភាជាន់ខ្ពស់បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីផ្តល់អាទិភាពដល់ការអនុវត្តចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ២០៥៥ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ឆ្នាំ និងផែនការឆ្នាំ២០២៦-២០៣០ ខណៈដែលបន្តកសាងនីតិរដ្ឋដែលផ្តោតលើប្រជាជន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





