មេដឹកនាំបេឡារុស្សបញ្ជាឱ្យបើកស្ថានទូតនៅប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក គីម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍ព័ត៌មានមួយកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រធានាធិបតីបេឡារុស្សលោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានណែនាំមន្ត្រីឱ្យបើកស្ថានទូតមួយនៅប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Belta បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក ម៉ាស៊ីម រីហ្សេនកូវ (Maxim Ryzhenkov)បានចែករំលែកព័ត៌មានលម្អិតជាមួយអ្នកយកព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោក លូកាសេនកូ ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីអ្នកការទូតកំពូលរូបនេះថា«ប្រធានាធិបតីបានកំណត់ភារកិច្ចជាក់ស្តែងជាច្រើនក្នុងការបើកស្ថានទូតរបស់យើងនៅទីក្រុងព្យុងយ៉ាង ដើម្បីពន្លឿនការងារលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការកាន់តែទូលំទូលាយ និងពិនិត្យឡើងវិញនូវបញ្ហាទាំងអស់ដែលយើងអាចជំរុញបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោក រីសេនកូវ ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការថែទាំសុខភាព ការអប់រំ និងកសិកម្ម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ រួមទាំងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយភាគីទាំងពីរបាននិយាយថា ពួកគេមាន «ចំណុចរួមច្រើន»។
រដ្ឋមន្ត្រីការបរទេសបានបន្ថែមថា លោក លូកាសេនកូ បានអញ្ជើញលោក គីម ទៅទស្សនកិច្ចប្រទេសបេឡារុស្ស។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោក លូកាសេនកូ និងលោក គីម បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយភាគីទាំងពីរសាទរថា ចំណងមិត្តភាពរបស់ពួកគេបានចូលដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





