ប្រេងឆៅប្រភេទ Brent កើនឡើងជាង ៥% ដោយសារការភ័យខ្លាចចំពោះការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ៥,២% ដល់តម្លៃជាង ១០៧ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍ ដែលបន្តកើនឡើង ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាបន្តជំរុញឱ្យមានការភ័យខ្លាចអំពីការរំខានដល់ការផ្គត់ផ្គង់យូរអង្វែង និងធ្វើឱ្យទីផ្សារមានភាពច្របូកច្របល់។
ប្រេងប្រភេទ Brent ត្រូវបានជំរុញឱ្យឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការរំខានដែលបង្កឡើងដោយសង្គ្រាមនៅជុំវិញច្រកសមុទ្រហ័រមុស (Hormuz) ដែលជាផ្លូវសំខាន់សម្រាប់លំហូរប្រេងសកលលោក។
ទីផ្សារប្រេងនៅតែមានភាពរសើបខ្លាំងចំពោះការវិវត្តនៅក្នុងតំបន់ដោយអ្នកវិភាគបានព្រមានថា ការរំខានជាបន្តបន្ទាប់ណាមួយនៅក្នុងចរាចរណ៍នៅច្រកសមុទ្រហ័រមុសអាចធ្វើឱ្យតម្លៃកាន់តែកើនឡើងខ្ពស់។
ការផ្លាស់ប្តូរចុងក្រោយបំផុតនៃតម្លៃប្រេងដែលលើសពី១០៧ដុល្លារអាម៉េរិក គឺជាការកើនឡើងថ្មីពីកម្រិតដែលបានឃើញកាលពីដើមខែនេះ នៅពេលដែលប្រេងប្រភេទ Brent បានឡើងដល់៩២,៦៩ដុល្លារអាម៉េរិកនៅថ្ងៃទី០៦ ខែមីនា និង ៩១,៩៨ដុល្លារអាម៉េរិកនៅថ្ងៃទី១០ ខែមីនា ចំពេលដែលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់កាន់តែខ្លាំងឡើង។
ខណៈដែលសេតវិមានបាននិយាយថា កិច្ចចរចាសន្តិភាពកំពុងបន្តទីក្រុងតេអេរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ហើយបានដាក់ចេញនូវលក្ខខណ្ឌផ្ទាល់ខ្លួន រួមទាំងការគ្រប់គ្រងអធិបតេយ្យភាពលើផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រមួយនេះ។
លោក រ៉ុប កាពីតូ (Rob Kapito) ប្រធានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ BlackRock បានព្រមានកាលពីថ្ងៃអង្គារថា ទីផ្សារអាចនឹងមើលស្រាលហានិភ័យដែលបណ្តាលមកពីជម្លោះនេះ។ លោកបាននិយាយថា ប្រេងនៅតែអាចកើនឡើងដល់ ១៥០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល បើទោះបីជាសង្គ្រាមបានបញ្ចប់ភ្លាមៗក៏ដោយ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវការពេលវេលាដើម្បីងើបឡើងវិញ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បាននិយាយកាលពីថ្ងៃពុធថា គ្មានកិច្ចចរចាណាមួយកំពុងកើតឡើងជាមួយទីក្រុងវ៉ាស៊ីនតោនទៅលើការបញ្ចប់សង្គ្រាមនោះទេ ដែលផ្ទុយនឹងសេចក្តីថ្លែងការណ៍ពីសេតវិមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





