អេមីរ៉ាត់អារ៉ាប់រួមនិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោងចំនួន ១៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១១គ្រឿងពីអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- អេមីរ៉ាត់អារ៉ាប់រួមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន ១៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន១១គ្រឿងពីអ៊ីរ៉ង់ ខណៈដែលការកើនឡើងនៃភាពតានតឹងក្នុងតំបន់នៅតែបន្ត។
ក្រសួងការពារជាតិអេមីរ៉ាត់អារ៉ាប់រួមបានរាយការណ៍ពីការវាយប្រហារនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការរងរបួស ឬការខូចខាតនោះទេ។
យោងតាមក្រសួង បានឱ្យដឹងថា ការការពារដែនអាកាសបានបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងចំនួន ៣៧២គ្រាប់ មីស៊ីលបញ្ជាល្បឿនចំនួន១៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១.៨២៦គ្រឿង ចាប់តាំងពីការចាប់ផ្តើមវាយប្រហាររបស់អ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
ក្រសួងបាននិយាយថា ទាហានពីរនាក់ និងជនស៊ីវិលចំនួន ០៨នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាត្រូវបានសម្លាប់ និង ១៦៩នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។
ការកើនឡើងនៃភាពតានតឹងក្នុងតំបន់បានបន្តផ្ទុះឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង១.៣៤០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលកាន់កាប់ទ្រព្យសម្បត្តិយោធាអាម៉េរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារ និងទេសចរណ៍សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





