ទីក្រុងអ៊ីស្លាម៉ាបាដបញ្ជាក់ពីការផ្លាស់ប្តូរសាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមរយៈប៉ាគីស្ថាន ស្តីពីជម្លោះនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ពីតួនាទីផ្ទាល់របស់ខ្លួនក្នុងការបញ្ជូនសាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីស្សាក ដារ (Ishaq Dar) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «មានការរំពឹងទុកដែលមិនចាំបាច់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា»។
លោក ដារ បាននិយាយថា «តាមពិតទៅ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងកើតឡើងតាមរយៈសារដែលត្រូវបានបញ្ជូនដោយប៉ាគីស្ថាន» ដោយលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចែករំលែកចំណុចចំនួន១៥ ដែលកំពុងត្រូវបានពិភាក្សាដោយអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍នេះបានកើតឡើងនៅពេលដែលប្រភពព័ត៌មាននៅអ៊ីស្លាម៉ាបាដបានប្រាប់សារព័ត៌មានអាណាដូលូថា សប្តាហ៍នេះ គឺមានសារៈសំខាន់ណាស់ក្នុងការទម្លាយភាពទាល់ច្រកណាមួយទៅលើកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
ប្រភពព័ត៌មានក៏បាននិយាយផងដែរថា ទីក្រុងអ៊ីស្លាម៉ាបាដរំពឹងថានឹងមានគណៈប្រតិភូសហរដ្ឋអាមេរិក ប៉ុន្តែបាននិយាយថា ទីក្រុងតេអេរ៉ង់នៅតែមានការប្រុងប្រយ័ត្នដោយសារតែការមិនទុកចិត្ត។
លោក ដារ ក៏បានកោតសរសើរចំពោះតួនាទីរបស់តួកគី និងអេហ្ស៊ីបក្នុងចំណោមប្រទេសដទៃទៀត ដែលកំពុងពង្រីកការគាំទ្ររបស់ពួកគេចំពោះគំនិតផ្តួចផ្តើមនេះដែរ។
លោក ដារ បាននិយាយថា «ប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់សន្តិភាព ហើយបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាស្ថិរភាពនៅក្នុងតំបន់ និងលើសពីនេះ» ដោយលោកបានសង្កត់ធ្ងន់ថា «កិច្ចសន្ទនា និងការទូត គឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខ»។
តំបន់ទាំងមូលបានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង១.៣៤០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរំខានដល់ទីផ្សារ និងអាកាសចរណ៍សកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





