កងម៉ារីនសហរដ្ឋអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- យោងតាមការចេញផ្សាយរបស់បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា កងម៉ារីនសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នានៅទីលានមួយក្បែរព្រំដែនអន្តរកូរ៉េ ដែលមានគោលបំណងបង្កើនប្រសិទ្ធភាពប្រយុទ្ធ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះទៅកាន់គេហទំព័ររបស់បញ្ជាការដ្ឋាន កងវរសេនាធំទី១២ នៃកងពលធំម៉ារីនទី៣ បានឱ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ Rodriguez ក្នុងទីក្រុងប៉ូឆុនចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល។
សមយុទ្ធនេះបានដំណើរការចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនាពាក់ព័ន្ធនឹងកងម៉ារីនអាម៉េរិកដែលរួមបញ្ចូលធាតុផ្សំនៃសមយុទ្ធ និងសមត្ថភាពឈ្លបយកការណ៍ ដើម្បីធ្វើការវាយប្រហារសម្របសម្រួលលើគោលដៅដែលបានកំណត់។
សមយុទ្ធនេះបានពង្រឹងសមត្ថភាពរបស់អង្គភាពក្នុងការ «ធ្វើសមកាលកម្មនៃការបាញ់ និងចលនានៅក្នុងបរិយាកាសហ្វឹកហាត់ថាមវន្ត ខណៈពេលដែលបង្កើនប្រសិទ្ធភាពប្រយុទ្ធ»។
សមយុទ្ធបាញ់គ្រាប់ពិតនេះបានកើតឡើងនៅពេលដែលកងម៉ារីនអាម៉េរិកនៅប្រទេសជប៉ុនបានមកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយកងម៉ារីនកូរ៉េខាងត្បូង ដែលមានឈ្មោះថាកម្មវិធីសមយុទ្ធម៉ារីនកូរ៉េ កាលពីដើមខែនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





