រុស្ស៊ីហាមឃាត់ការនាំចេញដុំមាសដែលមានទម្ងន់លើសពី ១០០ក្រាម
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការនាំចេញមាសចម្រាញ់ជាដុំៗដែលមានទម្ងន់លើសពី ១០០ក្រាមពីប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២៦ ដោយមានករណីលើកលែងមួយចំនួន។
ឯកសារនេះបាននិយាយថា «ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ការហាមឃាត់ត្រូវបានដាក់លើការនាំចេញមាសចម្រាញ់ជាដុំៗដែលមានទម្ងន់សរុបលើសពី ១០០ក្រាមពីសហព័ន្ធរុស្ស៊ីដោយបុគ្គល នីតិបុគ្គល និងសហគ្រិនម្នាក់ៗ»។
ករណីលើកលែងត្រូវបានអនុវត្តន៍ចំពោះការនាំចេញមាសចម្រាញ់ជាដុំៗតាមរយៈចំណុចត្រួតពិនិត្យព្រំដែនអាកាសនៅអាកាសយានដ្ឋានអន្តរជាតិមួយចំនួនដោយមានការអនុញ្ញាត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





