រុស្ស៊ី និងកាហ្សាក់ស្ថាន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍របស់សារព័ត៌មាន Kazinform បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាច្រើន។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin)ដែលកំពុងបំពេញទស្សនកិច្ច បាននិយាយថា ប្រទេសកាហ្សាក់ស្ថាននៅតែជាដៃគូយុទ្ធសាស្ត្រ និងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដោយលោកបានបន្ថែមថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈរលើការសាកល្បងនៃពេលវេលាដោយផ្អែកលើមិត្តភាព ភាពជាអ្នកជិតខាងល្អ និងការគោរពគ្នាទៅវិញទៅមក។
លោកបានគូសបញ្ជាក់ពីសក្តានុពលដ៏សំខាន់សម្រាប់ការចាប់ផ្តើមគម្រោងរួមគ្នាថ្មីៗ ក្នុងវិស័យថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម និងសេដ្ឋកិច្ចឌីជីថល។
នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក អូលហ្សាស ប៊ែកតេនូវ (OlzhasBektenov) បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ត្រូវបានគេរំពឹងថានឹងធ្វើឱ្យចំណងមិត្តភាព និងពង្រីកបន្ថែមទៀតរវាងប្រទេសទាំងពីរ។
លោក ប៊ែកតេនូវ បានបន្ថែមថា ប្រទេសរុស្ស៊ីជាយូរមកហើយគឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកាហ្សាក់ស្ថានដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃជិត ៣០ប៊ីលានដុល្លារអាម៉េរិក និងការវិនិយោគទៅវិញទៅមកបន្តកើនឡើង។
លោក មីស៊ូស្ទីន កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ដែលក្នុងអំឡុងពេលនោះ លោកនឹងចូលរួមកិច្ចចរចាអន្តររដ្ឋាភិបាល នៃកិច្ចប្រជុំក្រុមប្រឹក្សាអន្តររដ្ឋាភិបាលអឺរ៉ាស៊ី ក៏ដូចជាវេទិកាឌីជីថលកាហ្សាក់ស្ថាន២០២៦ (Qazaqstan2026) ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





