ទីប្រឹក្សានយោបាយកំពូលចិនជួបជាមួយទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ -- លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានជួបជាមួយលោក សាដ័រ យូមួហ្សាកូវ (Sardor Umurzakov) ទីប្រឹក្សាប្រធានាធិបតីអ៊ូសបេគីស្ថានស្តីពីការអភិវឌ្ឍយុទ្ធសាស្ត្រ នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។
លោក វ៉ាង ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន(CPC) បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអ៊ូសបេគីស្ថាន ដើម្បីអនុវត្តន៍ការឯកភាពគ្នារួមគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំក្នុងការជំរុញទំនើបកម្ម។
លោកបានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអ៊ូសបេគីស្ថាន ដើម្បីពង្រឹងការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍បង្កើនការផ្លាស់ប្តូរអន្តរគណបក្ស និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោក និងតំបន់ ដោយលោកបានបន្ថែមថា គណៈកម្មាធិការជាតិCPPCC នឹងធ្វើការរួមចំណែកជាវិជ្ជមានក្នុងគោលបំណងនេះ។
លោក យូមួហ្សាកូវ បាននិយាយថា ប្រទេសអ៊ូសបេគីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗដែលស្នើឡើងដោយប្រទេសចិន។
លោក យូមួហ្សាកូវ ក៏បាននិយាយផងដែរថា ការអនុវត្តផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន (២០២៦-២០៣០) បង្ហាញពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ហើយប្រទេសអ៊ូសបេគីស្ថានមានឆន្ទៈក្នុងការរៀនសូត្រពីបទពិសោធន៍របស់បក្ស CPC ដោយសារភាពជាអ្នកដឹកនាំរបស់បក្ស CPC គឺជាគន្លឹះនៃភាពជោគជ័យរបស់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





