ទីក្រុងតេអេរ៉ង់ទទួលបានសំណើបទឈប់បាញ់ចំនួន ១៥ចំណុចពីទីក្រុងវ៉ាស៊ីនតោន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- អាជ្ញាធរអ៊ីរ៉ង់បានទទួលសំណើចំនួន ១៥ចំណុចរបស់សហរដ្ឋអាមេរិក ដើម្បីឈានដល់បទឈប់បាញ់ក្នុងជម្លោះបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានAssociated Press ដោយដកស្រង់សម្តីមន្ត្រីប៉ាគីស្ថាន។
យោងតាមមន្ត្រីទាំងនោះ បានឱ្យដឹងថា ផែនការនេះផ្តោតសំខាន់ទៅលើការបន្ធូរបន្ថយទណ្ឌកម្ម កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល ការដកថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ការកំណត់មីស៊ីល និងការចូលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុស។
យោងតាមរបាយការណ៍ពីសហរដ្ឋអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ថ្មីៗនេះបានទំនាក់ទំនងគ្នាតាមរយៈអ្នកសម្របសម្រួល រួមទាំងប៉ាគីស្ថានផងដែរ។ ទោះជាយ៉ាងណាក៏ដោយទីក្រុងតេអេរ៉ង់បានបដិសេធការអះអាងរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកអំពីកិច្ចចរចាប្រកបដោយផលិតភាពដែលកំពុងដំណើរការរវាងប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





