ហ្វីលីពីនជំរុញយន្តការចែករំលែកប្រេងឥន្ធនៈអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- ប្រធានព្រឹទ្ធសភាហ្វីលីពីនលោក ហ្វ្រេនស៊ិស អេស្គូដេរ៉ូ (Francis Escudero) បានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា ការធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) របស់ប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ បានផ្តល់នូវឱកាសដ៏សំខាន់មួយដើម្បីលើកកម្ពស់យន្តការចែករំលែកប្រេងឥន្ធនៈក្នុងតំបន់ ខណៈដែលការផ្គត់ផ្គង់ប្រេងឥន្ធនៈសកលលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។
លោក អេស្គូដេរ៉ូ បានជំរុញឱ្យរដ្ឋាភិបាលជំរុញឱ្យមានការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ាន (APSA) ដែលជាក្របខ័ណ្ឌដែលត្រូវបានស្នើឡើង ដែលនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសជិតខាង ដែលប្រឈមមុខនឹងការខ្វះខាតយ៉ាងហោចណាស់ ១០% នៃតម្រូវការប្រេងឥន្ធនៈក្នុងស្រុក។
សមាជិកព្រឹទ្ធសភារូបនោះបាននិយាយថា ប្រទេសហ្វីលីពីនស្ថិតក្នុង«គោលជំហរសំខាន់» ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពលក្នុងតំបន់ ខណៈដែលតម្លៃប្រេងនៅតែប្រែប្រួលដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។
កិច្ចព្រមព្រៀង APSA មានគោលបំណងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានស្ថេរភាព ការពារការរំខានសេដ្ឋកិច្ច និងពង្រឹងភាពធន់រួមរបស់អាស៊ានក្នុងអំឡុងពេលវិបត្តិ ដែលស្រដៀងគ្នាទៅនឹងយន្តការចែករំលែកប្រេងឥន្ធនៈដែលអនុវត្តដោយសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ។
លោក អេស្គូដេរ៉ូ បាននិយាយថា សមាជិកអាស៊ានដែលផលិតប្រេងដូចជាប្រ៊ុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈសង្គ្រោះបន្ទាន់មាន និងផ្តល់ជូននៅពេលដែលត្រូវការ។
លោកបានសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃការឆ្លើយតបក្នុងតំបន់ ដែលមានការសម្របសម្រួល ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តប៉ះពាល់ដល់ទីផ្សារប្រេងសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





