ឡាវកំណត់គោលដៅសំខាន់ៗនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- នៅក្នុងរបាយការណ៍ទៅកាន់សម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១០ នៃប្រទេសឡាវ កាលពីពេលថ្មីៗនេះ ស្តីពីទិសដៅនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៦-២០៣០ របស់ប្រទេសឡាវ នាយករដ្ឋមន្ត្រីឡាវ លោក សូនសាយ ស៊ីផាន់ដូន (Sonesay Siphandone)បាននិយាយថា យុទ្ធសាស្ត្រនេះមានគោលបំណងជំរុញការអភិវឌ្ឍប្រទេសនិងអាចឱ្យប្រទេសនេះរួចផុតពីឋានៈអភិវឌ្ឍន៍តិចតួចបំផុតតាមរបៀបប្រកបដោយចីរភាព និងគុណភាពខ្ពស់តាមរយៈគោលបំណងសំខាន់ៗចំនួនប្រាំ។
ទីមួយ ស្តីពីសេដ្ឋកិច្ច ដោយប្រទេសឡាវកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំយ៉ាងហោចណាស់៦%។ នៅត្រឹមឆ្នាំ២០៣០ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ត្រូវបានគេព្យាករថានឹងឈានដល់ ៣.១០៤ដុល្លារអាម៉េរិក ខណៈដែលចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់២.៩១៤ដុល្លារអាម៉េរិក។
ទីពីរ នៅក្នុងវិស័យវប្បធម៌ និងសង្គម ដោយផែនការនេះមានបំណងបង្កើនការចុះឈ្មោះចូលរៀនរបស់កុមារអាយុប្រាំឆ្នាំឱ្យបានដល់ ៩០% និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិឱ្យនៅក្រោម៨%។ សូចនាករសុខភាពនឹងត្រូវបានកែលម្អបន្ថែមទៀត អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅត្រឹមខ្ទង់តែមួយ និងគុណភាពធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានពង្រឹង។
ទីបី ស្តីពីបរិស្ថាន ដោយប្រទេសឡាវមានគោលបំណងបង្កើនការគ្របដណ្តប់ព្រៃឈើឱ្យបានដល់ ៦៥% និងកាត់បន្ថយការបំភាយឧស្ម័ន ខណៈដែលបង្កើនសមត្ថភាពស្រូបយកឧស្ម័នផ្ទះកញ្ចក់ និងពង្រីកប្រព័ន្ធត្រួតពិនិត្យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់ដែលងាយរងគ្រោះមហន្តរាយ។
ទីបួន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មអន្តរជាតិ ដោយប្រទេសឡាវមានគម្រោងធ្វើឱ្យប្រសើរឡើង និងជួសជុលផ្លូវដឹកជញ្ជូនប្រហែល ១.៤៥០គីឡូម៉ែត្រតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចអាស៊ាន រួមជាមួយនឹងការកែទម្រង់រដ្ឋបាល ដើម្បីកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់អាជ្ញាប័ណ្ណនាំចេញ-នាំចូល និងវិញ្ញាបនបត្រ។
ទីប្រាំ ស្តីពីអភិបាលកិច្ច និងយុត្តិធម៌ ដោយរដ្ឋាភិបាលឡាវមានបំណងបង្កើនប្រសិទ្ធភាពរដ្ឋបាល ពង្រីកគំរូសេវាសាធារណៈច្រកតែមួយ និងបង្កើនអត្រានៃការដោះស្រាយសម្រាប់សំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





