សិង្ហបុរីពង្រឹងចំណងមិត្តភាពជាមួយអាល្លឺម៉ង់ដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- នៅក្នុងទិដ្ឋភាពសកលលោកដែលកាន់តែបែកបាក់ និងមិនប្រាកដប្រជា ប្រទេសសិង្ហបុរីត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូដែលមានគំនិតដូចគ្នា ដើម្បីពង្រីកលំហសេដ្ឋកិច្ចរបស់ខ្លួន រក្សាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់។ នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក កាន់ គីមយ៉ុង (Gan Kim Yong)។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២៥-២៨ ខែមីនា លោក កាន់ បាននិយាយថា ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេភាគី សិង្ហបុរី និងអាល្លឺម៉ង់ក៏អាចសហការគ្នាទៅលើការលើកកម្ពស់ទំនាក់ទំនងពហុភាគីរវាងសហភាពអឺរ៉ុបនិងតំបន់អាស៊ានផងដែរ។ នេះបើយោងតាមកាសែត The Straits Times។
សិង្ហបុរីនឹងទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២៧ ដែលស្របពេលជាមួយនឹងខួបលើកទី៦០ នៃសមាគមអាស៊ាន។
លោក កាន់ ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរនោះ បាននិយាយថា សិង្ហបុរី និងអាល្លឺម៉ង់ក៏បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
សមាជិកនៃអាស៊ាន និងសហភាពអឺរ៉ុបទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីពហុភាគីនិយមដែលមានមូលដ្ឋានលើច្បាប់។ ដូច្នេះ ប្រទេសទាំងពីរមានចំណុចជាច្រើនដែលត្រូវទទួលបាន ប្រសិនបើពួកគេអាចសរសេរច្បាប់ពាណិជ្ជកម្មសកលលោកឡើងវិញ ដើម្បីទប់ស្កាត់ការការពារនិយម។
ក្នុងរយៈពេល ៦០ឆ្នាំនៃចំណងការទូត ប្រទេសអាល្លឺម៉ង់ និងសិង្ហបុរីទទួលបានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីយ៉ាងជិតស្និទ្ធ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤។
មានក្រុមហ៊ុនអាល្លឺម៉ង់ជាង២.៣០០ នៅក្នុងប្រទេសសិង្ហបុរីក្នុងវិស័យផ្សេងៗ រួមទាំងវិស័យផលិតកម្ម និងសេវាកម្ម។ ពួកគេផ្តល់ការងារប្រហែល៤៥.០០០កន្លែង។
ឆ្នាំនៃនវានុវត្តន៍សិង្ហបុរី-អាល្លឺម៉ង់ ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាវិស័យបញ្ញាសិប្បនិម្មិត ការគណនាកង់ទិច មីក្រូអេឡិចត្រូនិច និងជីវបច្ចេកវិទ្យាជាដើម៕





