ហ្គាណា និងសហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ ប្រទេសហ្គាណាបានធ្វើកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ និងការពារជាតិជាផ្លូវការជាមួយសហភាពអឺរ៉ុប (EU) ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការដោះស្រាយអំពើភេរវកម្ម និងអសន្តិសុខនៅក្នុងអនុតំបន់។
ក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបបានសន្យាផ្តល់ឧបករណ៍យោធា រួមទាំងយន្តហោះគ្មានមនុស្សបើក យានយន្ត និងម៉ូតូ ដើម្បីពង្រឹងប្រតិបត្តិការសន្តិសុខរបស់ប្រទេសហ្គាណា។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយអនុប្រធានាធិបតីហ្គាណាលោកស្រី ចានេ ណាអាណា អូប៉ូគូ អាយ៉េម៉ាង (Jane Naana Opoku-Agyemang) និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រីកាចា កាល់ឡាស់ (Kaja Kallas) ផ្តល់នូវគ្រោងសម្រាប់កិច្ចសហការក្នុងការប្រឆាំងភេរវកម្ម ការបង្ការជម្លោះ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតការគ្រប់គ្រងព្រំដែន សន្តិសុខតាមសមុទ្រ រួមទាំងនៅក្នុងឈូងសមុទ្រហ្គីណេ និងប្រតិបត្តិការសន្តិភាព។
លោកស្រី អូប៉ូគូ អាយ៉េម៉ាង បាននិយាយថា ប្រទេសហ្គាណាកំពុងអនុវត្តន៍គម្រោងពាក់ព័ន្ធនឹងសន្តិសុខយ៉ាងហោចណាស់ចំនួន ៣០គម្រោងដែលគាំទ្រដោយសហភាពអឺរ៉ុប ក្នុងវិស័យដោះស្រាយជម្លោះ ការប្រឆាំងភេរវកម្ម និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
លោកស្រី កាល់ឡាស់ បាននិយាយថា សហភាពអឺរ៉ុបបានផ្តល់ការគាំទ្រសន្តិសុខសរុបប្រហែល ៥៧,៩លានដុល្លារអាម៉េរិកដល់ប្រទេសហ្គាណាចាប់តាំងពីឆ្នាំ២០២៣ រួមទាំងឧបករណ៍យោធា និងគាំទ្រការបណ្តុះបណ្តាល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





