ប្រេងឡើងថ្លៃ ខណៈដែលទីផ្សារវាយតម្លៃពីហានិភ័យនៃការផ្គត់ផ្គង់ បន្ទាប់ពីអ៊ីរ៉ង់បដិសេធកិច្ចចរចាជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃអង្គារ ដោយសារតែការភ័យខ្លាចចំពោះការផ្គត់ផ្គង់ ខណៈដែលអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមានកិច្ចចរចាណាមួយជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រទេ ដែលផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។
កិច្ចសន្យាអនាគតប្រេងឆៅប្រភេទ Brent បានកើនឡើង ៤ដុល្លារអាម៉េរិក ឬ ៤% ដល់តម្លៃ ១០៣,៩៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល នៅម៉ោង ៤:០០រសៀល (ម៉ោងសកល) ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៣,៤៩ដុល្លារអាម៉េរិក ឬ ៤% ដែលមានតម្លៃ ៩១,៦២ដុល្លារអាម៉េរិក។
កិច្ចសន្យាអនាគតប្រេងឆៅបានធ្លាក់ចុះជាង ១០% កាលពីថ្ងៃចន្ទ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពន្យារពេលប្រាំថ្ងៃចំពោះការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដោយលោកបាននិយាយថា សហរដ្ឋអាមេរិកបានចរចាជាមួយមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះ ដែលបានបង្កើតចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង។
លោក ទីម វ៉តធើរើ (Tim Waterer) ប្រធានអ្នកវិភាគទីផ្សារ KCM Trade បាននិយាយថា «ដោយផ្អាកលើផែនការវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ សហរដ្ឋអាមេរិកបានស្រូបយកអត្ថប្រយោជន៍សង្គ្រាមយ៉ាងច្រើនពីតម្លៃប្រេង»។
សង្គ្រាមនេះស្ទើរតែបានបញ្ឈប់ការដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក និងឧស្ម័នធម្មជាតិរាវឆ្លងកាត់ច្រកសមុទ្រហ័រមុស។ ទោះជាយ៉ាងណាក៏ដោយ នាវាដឹកប្រេងពីរគ្រឿងដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាបានបើកឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃចន្ទ។
ទីក្រុងតេអេរ៉ង់បានបដិសេធចំពោះការអះអាងអំពីការទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ដោយច្រានចោលថា វាជាការប៉ុនប៉ងរៀបចំទីផ្សារហិរញ្ញវត្ថុ ខណៈដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងបានថ្កោលទោសការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ថា ជាប្រតិបត្តិការផ្លូវចិត្តដែលហត់នឿយ។
បើទោះបីជាមានការថយចុះនៃភាពតានតឹងបន្ទាប់ពីការប្រកាស (កាលពីថ្ងៃច័ន្ទ) របស់លោកប្រធានាធិបតី ត្រាំ ក៏ដោយ ក៏យើងរំពឹងថា តម្លៃប្រេងទាបបំផុតនឹងស្ថិតនៅចន្លោះពី ៨៥ដុល្លារអាម៉េរិក ទៅដល់ ៩០ដុល្លារអាម៉េរិក និងការធ្លាក់ចុះតម្លៃនៃឧស្ម័នធម្មជាតិរាវត្រឡប់ទៅនៅចន្លោះ ១១០ដុល្លារអាម៉េរិកវិញរហូតដល់ច្រកសមុទ្រហ័រមុសត្រូវបានស្តារឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





