អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល និងប្រទេសជិតខាងឈូងសមុទ្រ ខណៈដែលអ៊ីស្រាអែលវាយប្រហារទីក្រុងបេរូត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយមានរបាយការណ៍អំពីផលប៉ះពាល់នៅភាគខាងជើងនៃប្រទេសនោះ ហើយការផ្ទុះមួយត្រូវបានឮនៅកណ្តាលទីក្រុងតែលអាវីវ ដោយមានផ្សែងហុយឡើង។
នៅទីក្រុងតែលអាវីវ បង្អួចពីជាន់ជាច្រើននៃអគារអាផាតមិនមួយត្រូវបានផ្ទុះចេញ។ វាមិនច្បាស់ភ្លាមៗទេថា តើការខូចខាតនេះបណ្តាលមកពីការវាយប្រហារដោយគ្រាប់មីស៊ីល ឬបណ្តាលមកពីកំទេចកំទីគ្រាប់មីស៊ីលពីការស្ទាក់ចាប់នោះទេ។
លោក យ៉ូអ៊ែល ម៉ូស្សេ (Yoel Moshe) បុគ្គលិកសេវាកម្មជួយសង្គ្រោះបានប្រាប់អ្នកសារព័ត៌មាន ដោយរំលឹកពីការទៅដល់កន្លែងកើតហេតុថា «យើងបានឃើញការបំផ្លិចបំផ្លាញ ផ្សែង និងភាពវឹកវរ»។ លោកបាននិយាយថា មនុស្សបួននាក់បានរងរបួសស្រាល ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកផ្សេងទៀតនៅក្នុងតំបន់រងគ្រោះនោះ។
នៅពេលមុននេះបន្តិច អ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត ដោយបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
យោងតាមក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា ការវាយប្រហារមួយទៅលើអាគារអាផាតមិនមួយកន្លែងនៅភាគអាគ្នេយ៍នៃរដ្ឋធានី បានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់។
នៅប្រទេសគុយវ៉ែត ខ្សែបណ្តាញអគ្គិសនីត្រូវបានវាយប្រហារដោយបំណែកការពារដែនអាកាស ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីមួយផ្នែកក្នុងរយៈពេលជាច្រើនម៉ោង។ សំឡេងស៊ីរ៉ែនព្រមានអំពីគ្រាប់មីស៊ីលបានបន្លឺឡើងនៅក្នុងប្រទេសបារ៉ែន ហើយក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ចំនួន ១៩គ្រឿងដែលកំណត់គោលដៅលើខេត្តភាគខាងកើតដែលសម្បូរប្រេងរបស់ខ្លួន។
តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលមួយរយៈពេលខ្លី បន្ទាប់ពីលោក ដូណាល់ ត្រាំ អះអាងថា រដ្ឋាភិបាលរបស់លោកកំពុងចរចាដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែការបន្ធូរបន្ថយរយៈពេលខ្លីដោយតម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិ បានត្រលប់ទៅ រកតម្លៃ ១០៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលវិញនៅក្នុងការជួញដូរពេលព្រឹក ដែលកើនឡើងជាង ៤០% ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





