អ៊ីរ៉ង់កំណត់គោលដៅលើអ៊ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់នៅឈូងសមុទ្រ បើទោះបីជាលោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់សង្គ្រាមក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- ផ្សែងបានហុយឡើងពីកណ្តាលទីក្រុងតែលអាវីវ ខណៈដែលគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់អ៊ីរ៉ង់បានកំណត់គោលដៅលើអ៊ីស្រាអែល និងបណ្តារដ្ឋអារ៉ាប់នៅឈូងសមុទ្រកាលពីថ្ងៃអង្គារ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះដើម្បីបញ្ចប់សង្គ្រាមក៏ដោយ។
លោក ត្រាំ ក៏បានពន្យារពេលថ្ងៃផុតកំណត់សម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមុសជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនផងដែរ ដែលវាអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះមួយរយៈខ្លី និងបង្កើនស្តុកឡើងវិញ។
ការពន្យារពេលនេះបានផ្តល់នូវការបន្ធូរបន្ថយបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានផ្លាស់ប្តូរការគំរាមកំហែងកាលពីចុងសប្តាហ៍នៃការវាយប្រហារ ដែលអាចកាត់ផ្តាច់អគ្គិសនីដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និងជុំវិញឈូងសមុទ្រ និងបានបំផ្លាញរោងចក្រចម្រាញ់ទឹកប្រៃដែលផ្តល់ទឹកស្អាតដល់ប្រទេសវាលខ្សាច់ជាច្រើន ខណៈដែលបង្កើនការភ័យខ្លាចអំពីគ្រោះមហន្តរាយដែលអាចកើតមានប្រសិនបើរោងចក្រនុយក្លេអ៊ែរត្រូវបានវាយប្រហារ។
ប៉ុន្តែព័ត៌មាន ស្តីពីកិច្ចចរចាដែលបានពិពណ៌នាដោយលោក ត្រាំ នៅតែស្ថិតក្នុងជម្លោះជាមួយអ៊ីរ៉ង់ ដោយអ៊ីរ៉ង់បានបដិសេធថាមិនមានកិច្ចចរចាណាមួយត្រូវបានធ្វើឡើងឡើយ។
លោក ម៉ូហាំម៉ាដ បាកហឺរ កាលីបាហ្វ (Mohammad Bagher Qalibaf) ប្រធានសភាអ៊ីរ៉ង់បានបង្ហោះនៅលើបណ្តាញសង្គមអ៊ិចថា «មិនមានកិច្ចចរចាណាមួយត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកទេ» ដោយលោកបានបន្ថែមថា «ព័ត៌មានក្លែងក្លាយត្រូវបានប្រើប្រាស់ដើម្បីរៀបចំទីផ្សារហិរញ្ញវត្ថុ និងប្រេង»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏បាននិយាយផងដែរថា អ៊ីស្រាអែលនឹងបន្តវាយប្រហារអ៊ីរ៉ង់ និងលីបង់ បើទោះបីជាសហរដ្ឋអាមេរិកកំពុងពិចារណាលើបទឈប់បាញ់ក៏ដោយ។
លោកបាននិយាយថា «នៅមានរឿងជាច្រើនទៀតនឹងកើតឡើង»។
ការិយាល័យរបស់លោកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី (Abbas Araghchi) បាននិយាយអំពីសង្គ្រាមនៅក្នុងសប្តាហ៍នេះទៅកាន់សមភាគីរបស់លោកនៅអាស៊ែរបៃហ្សង់ អេហ្ស៊ីប អូម៉ង់ ប៉ាគីស្ថាន រុស្ស៊ី កូរ៉េខាងត្បូង តួកគី និងតួកមេននីស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





