ធនាគារពិភពលោកអនុម័តថវិកាចំនួន ២០០លានដុល្លារអាម៉េរិកសម្រាប់គម្រោងដឹកជញ្ជូនរបស់អ៊ូសបេគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ -- ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តកម្មវិធីមួយដែលមានតម្លៃ ២០០លានដុល្លារអាម៉េរិកសម្រាប់ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងតំបន់ Surkhandarya របស់ប្រទេសអ៊ូសបេគីស្ថាន។
គម្រោងរយៈពេលប្រាំឆ្នាំនេះ រួមមានការពង្រីកផ្នែកផ្លូវ M41 ប្រវែង ៩១គីឡូម៉ែត្រពីផ្លូវពីរគន្លងទៅជាផ្លូវហាយវេបួនគន្លង។
ធនាគារពិភពលោកបាននិយាយថា ការធ្វើឱ្យប្រសើរឡើងនៃផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរ និងអ្នកដំណើរប្រហែល ៣៥.០០០នាក់ជារៀងរាល់ថ្ងៃ និងការទទួលបានសេវាដឹកជញ្ជូន និងឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនប្រហែល ៥៥០.០០០នាក់នៅក្នុងសហគមន៍ជុំវិញ។
ស្ពាន និងរចនាសម្ព័ន្ធបង្ហូរទឹកប្រហែល ១៨០កន្លែងក៏នឹងត្រូវបានសាងសង់ ឬជួសជុលផងដែរ ដើម្បីទប់ទល់នឹងហានិភ័យទឹកជំនន់ដែលទាក់ទងនឹងអាកាសធាតុកើនឡើង។
យោងតាមធនាគារបានឱ្យដឹងថា វិស័យដឹកជញ្ជូនរួមចំណែកជិត ៨% ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងផ្តល់ការងារដល់មនុស្សប្រហែលមួយលាននាក់។ ការធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូនត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះសោសក្តានុពលរបស់ប្រទេសជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅតំបន់អាស៊ីកណ្តាល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





